អនុវត្តទម្លាប់ 8 ចំណុចក្នុងពេលសិក្សាឱ្យបានល្អ អាចក្លាយជាសិស្សរៀនពូកែ

អត្ថបទដោយ៖
ស៊ុន លី

ចំណេះដឹងទូទៅ៖ រៀនឱ្យពូកែនិងទទួលបានពិន្ទុខ្ពស់ក្នុងពេលប្រឡងជាក្តីប្រាថ្នារបស់សិស្ស-និស្សិតគ្រប់រូប។ ពួកគេដឹងច្បាស់ណាស់ថាក្លាយជាសិស្សពូកែម្នាក់មិនមែនជារឿងងាយនោះទេ ព្រោះត្រូវមានវិធីសាស្ត្រសិក្សាជាច្រើនដែលសិស្សផ្សេងទៀតមិនអាចធ្វើបាន។ ប៉ុន្តែគ្រប់យ៉ាងអាចទៅរួច ប្រសិនបើពួកគេតាំងចិត្តសិក្សា និងមានវិធីសាស្ត្រសិក្សាច្បាស់លាស់។ ខាងក្រោមនេះ ជាវិធីសាស្ត្រ 8 ចំណុចដែលសិស្សានុសិស្សអាចអនុវត្តបាន ដើម្បីឆ្លើយតបទៅនឹងសកម្មភាពសិក្សារបស់ពួកគេរាល់ថ្ងៃ ៖

1.រៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ ៖ ប្រសិនបើអ្នកមិនរៀបចំផែនការសកម្មភាពសិក្សា ឬកាលវិភាគសិក្សាឱ្យបានត្រឹមត្រូវនោះទេ អ្នកមិនអាចផ្តោតអារម្មណ៍សិក្សាលើមុខវិជ្ជានីមួយៗបានល្អឡើយ។ មុខវិជ្ជាទាំងអស់ទាមទារឱ្យអ្នកចំណាយពេលវេលាសមស្របសម្រាប់សិក្សា។

2.បែងចែកការងាររៀនសូត្រជាផ្នែកៗ ៖ កុំបង្ខំខ្លួនឯងឱ្យរៀនសូត្រដូចកីឡាកររត់ប្រណាំង វានឹងធ្វើឱ្យអ្នកធ្លាក់ទៅក្នុងស្ថានភាពអាក្រក់មិនខាន។ អ្នកត្រូវចេះបែងចែក និងគ្រប់គ្រងពេលវេលាឱ្យបានល្អ ហើយរៀងរាល់ពេលបញ្ចប់ការងារនីមួយៗ ត្រូវផ្តល់រង្វាន់ដល់ខ្លួនឯង។

3. គេងឱ្យបានគ្រប់គ្រាន់ ៖ ពេលវេលាគេងប្រាំបីម៉ោងក្នុងមួយថ្ងៃសំខាន់ណាស់ក្នុងជីវិតសិក្សា។ ការទទួលទានដំណេកគ្រាប់គ្រាន់ នោះនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានសុខភាពល្អ ពោរពេញដោយថាមពល រីឯគុណភាពសិក្សាក៏ល្អតាមនោះ។

4. ហ្មត់ចត់ក្នុងការសិក្សា ៖ បន្ទាប់ពីរៀបចំកាលវិភាគសិក្សាច្បាស់លាស់ហើយ អ្វីដែលសំខាន់ជាងនេះ ត្រូវអនុវត្តកាលវិភាគសិក្សាឱ្យបានល្អ។ សិស្សត្រូវធ្វើកិច្ចការនីមួយៗដោយគោរពទៅតាមកាលវិភាគផ្ទាល់ខ្លួន និងផ្តល់តម្លៃលើមុខវិជ្ជាទាំងអស់។ 

5. រៀនកត់ត្រាទុកជាប្រចាំ ៖ កត់ត្រាមិនត្រឹមតែជួយឱ្យអ្នកចង់ចាំចំណុចសំខាន់ៗក្នុងពេលរៀននោះទេ វាក៏ជួយឱ្យអ្នកចំណេញពេលវេលាសិក្សាឬស្រាវជ្រាវមេរៀនផ្សេងទៀត។

6. រៀបចំកន្លែងរៀនឱ្យមានសណ្តាប់ធ្នាប់ ៖ ពេលខ្លះបើអ្នកចូលមកដល់ថ្នាក់រៀន ឬបន្ទប់រៀនរបស់អ្នក ហើយរកតែកន្លែងអង្គុយគ្មាននោះ ពេលនោះអ្នកប្រាកដជាខ្ជិលកាន់តែសៀវភៅជាក់ជាពុំខាន។

7. បង្កើតបរិយាកាសសិក្សាជាក្រុម ៖ ក្រៅពីសិក្សានៅក្នុងថ្នាក់ និងសិក្សាដោយខ្លួនឯង សិក្សាជាក្រុមអាចក្លាយជាបរិយាកាសដ៏ល្អនិងប្លែកអារម្មណ៍ ព្រមទាំងជំរុញឱ្យអ្នកទទួលបានគំនិតថ្មីៗ និងចែករំលែកចំណេះដឹងទៅកាន់មិត្តភក្តិបានទូលំទូលាយ។

8. ក្លាហ៊ានសួរ ៖ ចូរអ្នកកុំខ្មាស់អៀនរាល់ពេលមានចម្ងល់ ឬមានសំណួរ។ ប្រសិនបើមិនច្បាស់ ត្រូវក្លាហ៊ានសួរដើម្បីទទួលបានចម្លើយពីគ្រូ ឬមិត្តភក្តិរបស់អ្នក។ សំណួរជែកដេញដោលរកហេតុក្នុងន័យសិក្សាជាចំណែកសំខាន់ជួយបំផុសគំនិតថ្មីៗ និងជំរុញការស្រាវជ្រាវឱ្យកាន់តែប្រសើរឡើង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner