អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធ អះអាងថា កីឡាករឆ្នើមជ្រើសរើសចេញពីការប្រកួតថ្នាក់ឆ្នាំ ២០២០នេះ នឹងក្លាយជាជម្រើសជាតិត្រៀមស៊ីហ្គេម ឆ្នាំ២០២៣
អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានបញ្ជាក់ថា កីឡាករ កីឡាការិនីកាយសម្ព័ន្ធឆ្នើមៗដែលជ្រើសរើសចេញពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន នឹងក្លាយជាជម្រើសជាតិត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
អគ្គលេខាធិការ ខាងលើ បញ្ជាក់ទៀតថា ការប្រកួតថ្នាក់ជាតិនេះ កីឡាករ កីឡាការិនីដែលចូលរួមមានសិទ្ធផលប្រែប្រួលខ្លាំង ទាំងគុណភាព និងបច្ចេកទេស ពិសេស កីឡាករវ័យក្មេង គឺសមត្ថភាពរីកចំរើនអាចប្រៀបធៀបជាមួយកីឡាករការិនីនៅក្នុងកម្រិតតំបន់ ។
អគ្គលេខាធិការរូបនេះ អះអាងទៀតថា កីឡាករការិនីដែលប្រជែងដណ្តើមបានចំណាត់ល្អពីការប្រកួតនេះ សហព័ន្ធនឹងជ្រើសរើសយកទៅបញ្ចូលក្នុងជម្រើស២៥នាក់ដែលជាក្រុមឈុតជម្រើសជាតិត្រៀមបញ្ជូនទៅហ្វឹកហាត់នៅប្រទេសចិនបំប៉នត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ទាំងការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយពង្រឹងសមត្ថភាព និងបច្ចេកទេសកីឡាករកីឡាការិនី ដើម្បីត្រៀមឆ្ពោះទៅប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។ ការផ្តល់ឱកាសឲ្យយុវជនតាមបណ្តាខេត្តបានបង្ហាញសមត្ថភាព ដែលខ្លួនបានខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក ក៏ជាគោលបំណងនៃការរៀបចំនេះផងដែរ។
ការប្រកួតទាំងពីរនេះប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៤-១៩ ខែមករា ឆ្នាំ២០២១ ដោយនៅឆ្នាំនេះមានកីឡាករកីឡាការិនីប្រមាណ៦៤នាក់ពីក្រសួង និងខេត្តចំនួន៤ចូលរួម ដូចជាក្រសួងមហាផ្ទៃ ខេត្តតាកែវ ក្រចេះ និងកំពង់ឆ្នាំង៕