ចិនផ្ដល់ជំនួយ១លានដុល្លារ ដល់វិស័យសកម្មភាពមីននៅកម្ពុជា
នាព្រឹកថ្ងៃទី១៩មករា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រីលី ធុជ អនុប្រធានទី១អាជ្ញាធរមីន និង លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីប្រគល់ និងទទួលនូវសម្ភារជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន។
ពិធីប្រគល់ និងទទួលនោះ មានការចូលរួមពីតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងទីស្តីគណៈរដ្ឋមន្រ្តី មន្រ្តីស្ថានទូតចិនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំអាជ្ញាធរមីន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រីលី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគាំទ្រជួយដល់ការអភិវឌ្ឍនៅកម្ពុជាគ្រប់កាលៈទេសៈ ក្នុងនោះរួមមានទាំងការផ្តល់ជំនួយឥតសំណង សម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌ ទាំងសម្ភារបច្ចេកទេស ហិរញ្ញវត្ថុ និងបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការខិតខំប្រឹងប្រែងរបស់ លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្នុងការចូលរួមនិងសម្របសម្រួលក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។
ជំនួយឥតសំណងនោះគិតជាប្រាក់ប្រមាណ១លានដុល្លារអាមេរិក រួមមានរថយន្ត Pick Up ចំនួន៨គ្រឿង, ឧបករណ៍រាវមីនចំនួន១៣០គ្រឿង, ប្រអប់សម្ភារៈចំនួន១០០ឈុត, ប្រអប់សម្ភារៈបំផ្ទុះគ្រាប់ (EOD) ចំនួន២០ឈុត, សម្លៀកបំពាក់ការពារចំនួន១០កំផ្លេ, មួកការពារចំនួន១០, ដ្រូន (UAV) ចំនួន៤គ្រឿង, ឯកសណ្ឋាន, ស្បែកជើង និងមួក ចំនួន ៥០០ កំផ្លេ និងតង់ចំនួន៥០០តង់។
លោកទេសរដ្ឋមន្ត្រីលី ធុជ បានបញ្ជាក់ថា កម្ពុជានៅតែត្រូវការជាចំាបាច់នូវជំនួយដ៏សប្បុរសរបស់មហាមិត្តចិន សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា។ ជាមួយនឹងការរួមចំណែកជាជំនួយមនុស្សធម៌វិស័យសកម្មភាពមីនពីមិត្តចិនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោកទេសរដ្ឋមន្ត្រីលី ធុជ បានបង្ហាញជំនឿថា កម្ពុជា នឹងទទួលបានជោគជ័យ ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ គឺឆ្ពោះទៅរកកម្ពុជាមួយដែលគ្មានមីនឆ្នាំ២០២៥ ជាពិសេសចូលរួមដល់ការជួយសង្រ្គោះជីវិតមនុស្ស ការចូលរួមកាត់បន្ថយភាពក្រីក្រ និងការកសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។
លោក Wang Wentian បានមានប្រសាសន៍ថា ប្រទេសចិន មានសេចក្តីសប្បាយរីករាយ និងពេញចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន គាំទ្រដល់វិស័យបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ហើយប្រទេសចិន នឹងបន្តគាំទ្រទាំងសម្ភារ ថវិកា និងការបណ្តុះបណ្តាលធនធានមនុស្សដល់អាជ្ញាធរមីន ដើម្បីឲ្យកម្ពុជាអាចសម្រេចនូវគោលដៅរបស់ខ្លួនគ្មានមីនឆ្នាំ២០២៥។ លោកឯកអគ្គរដ្ឋទូត បានចាត់ទុកការងារបោសសម្អាតមីន ពិតជាមានសារៈសំខាន់ណាស់សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងជួយសង្រ្គោះជីវិតមនុស្ស ហើយលោកឯកអគ្គរដ្ឋទូតសន្យាថា នឹងជួយជម្រុញដល់រដ្ឋាភិបាលប្រទេសចិន ឲ្យបន្តការគាំទ្រ និងពិចារណារាល់សំណើសុំរបស់អាជ្ញាធរមីន។
លោកឯកអគ្គរដ្ឋទូត បានបន្តទៀតថា ទោះបីពិភពលោកមានរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ប៉ុន្តែការងារបោសសម្អាតមីនមនុស្សធម៌នៅតែបន្ត និងមិនមានផលប៉ះពាល់ឡើយ។ ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រីលី ធុជ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវជំនួយវ៉ាក់សាំងជម្ងឺឆ្លងកូវីដលើកដំបូងចំនួន១លានដុស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងសូមកោតសរសើរមហាមិត្តចិនចំពោះការរីកចម្រើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងកំឡុងពេលការរីករាលនៃជម្ងឺកូវីដ-១៩នោះ។
សូមបញ្ចាក់ថា ក្រៅពីប្រទេសចិន បច្ចុប្បន្ននេះ កម្ពុជា មានការគាំទ្រពីប្រទេសម្ចាស់ជំនួយដទៃទៀត រួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស ជប៉ុន ន័រវែស កាណាដា អាល្លឺម៉ង់ ស្វីស ណូវែលហ្សឺឡង់ សាធារណរដ្ឋកូរ៉េ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជន ដល់វិស័យសកម្មភាពមីននៅកម្ពុជា ផងដែរ។
គិតត្រឹមឆ្នាំ២០២០ កម្ពុជាបានបោសសម្អាតផ្ទៃដីចំនួន២ពាន់១៣៨គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១លាន៩ម៉ឺន៥ពាន់៧៥០គ្រាប់, មីនប្រឆាំងរថក្រោះ២ម៉ឺន៥ពាន់៤៨៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម២លាន៨សែន៨ម៉ឺន៥ពាន់២៩៤គ្រាប់ ដោយមានអ្នកទទួលផលពីការដោះមីនប្រមាណ៦លាន៣សែន៥ម៉ឺន៧ពាន់៨៥៣នាក់។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី២ពាន់១៥២ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៨៣៥ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន៕កឹម ទៀង