លោកជំទាវទី១ មេឡានៀ ត្រាំ និយាយថា អំពើហិង្សាមិនដែលជាចម្លើយ ហើយក៏មិនត្រូវបានចាត់ទុកថា ជាភាពសុច្ចរិតនោះដែរ (Video)
អាមេរិក៖ ភរិយារបស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក ដូណាល់ ត្រាំ គឺលោកជំទាវទីមួយ មេឡានៀ ត្រាំ នៅក្នុងវីដេអូមួយបានចេញសារលាទៅកាន់សហរដ្ឋអាមេរិក ពោលគឺពីរថ្ងៃមុនពេលបញ្ចប់អាណត្តិស្វាមីរបស់លោកស្រី ។
នៅក្នុងវីដេអូដែលបានចេញផ្សាយនៅលើ Twitter នាថ្ងៃចន្ទនេះ លោកស្រី មេឡានៀ ត្រាំ បាននិយាយថា ប្រជាជនអាមេរិករបស់ខ្ញុំ… វាជាកិត្តិយសដ៏ធំបំផុតនៃជីវិតរបស់ខ្ញុំ ដែលបានបម្រើការជាស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក ។ ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវដល់ពលរដ្ឋអាមេរិកអោយឈប់ងប់ងល់នឹងអ្វីគ្រប់យ៉ាងដែលពួកគេបានធ្វើ ហើយចងចាំជានិច្ចថា អំពើហិង្សាមិនដែលជាចម្លើយ ហើយនឹងមិនត្រូវបានចាត់ទុកថា ជាភាពសុច្ចរិតនោះទេ ។ លោកស្រីក៏បានថ្លែងអំណរគុណដល់សមាជិកយោធា និងអ្នកអនុវត្តច្បាប់ ប៉ុន្តែមិនបាននិយាយដោយផ្ទាល់នូវការរំលោភបំពានលើវិមានកាពីតូលអាមេរិកនៅថ្ងៃទី០៦ ខែមករា ដោយក្រុមកុបករគាំទ្រស្វាមីលោកស្រីនោះទេ ។ លោកស្រីក៏បានលើកឡើងពីការរីករាលដាលនៃជំងឺ Covid-19 ដែលកំពុងកើនឡើងនៅសហរដ្ឋអាមេរិក ខណៈវាបានឆ្លងដល់មនុស្សជាង១៩លាននាក់ និងស្លាប់ជាង៣៩ម៉ឺន៨ពាន់នាក់ ហើយជាចំនួនខ្ពស់បំផុតនៅលើពិភពលោក ។
សូមជម្រាបថា លោកស្រី មេឡានៀ ត្រាំ ត្រូវបានគេរាយការណ៍ថា នឹងក្លាយជាស្ត្រីទីមួយដំបូងបង្អស់នាសម័យទំនើបនេះ ដែលមិនស្វាគមន៍ស្ត្រីទីមួយថ្មីគឺលោកស្រី ជៀល បៃដិន សម្រាប់ការឡើងកាន់តំណែងរបស់លោក ចូ បៃដិន រួមជាមួយនឹងស្វាមីរបស់លោកស្រី ៕
ប្រភព៖ CNA

