ឆ្នាំ2020 អាកាសយានដ្ឋានទាំង3របស់កម្ពុជាមានអ្នកដំណើរ 2.1 លាននាក់

ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិចំនួន3 របស់ប្រទេសកម្ពុជាបានដឹកអ្នកដំណើរចំនួន 2.13 លាននាក់នៅក្នុងកម្មវិធីអាកាសចរណ៍ដែលស្ថិតនៅក្នុងដំណាក់កាលនៃការរាលដាលជំងឺកូវីដ-19 ក្នុងឆ្នាំ2020 មានការថយចុះប្រមាណ 79ភាគរយ ។

រដ្ឋលេខាធិការដ្ឋាននៃអាកាសចរណ៍ស៊ីវិល the State Secretariat of Civil Aviation (SSCA) បានបង្ហាញ ថាតួលេខនៃចំនួនអ្នកដំណើរសម្រាប់អាកាសយានដ្ឋានអន្តរជាតិទាំង 3 របស់កម្ពុជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន 1.30 លាននាក់ធ្លាក់ចុះ 76ភាគរយបើប្រៀបធៀបនឹងចំនួនភ្ញៀវទេសចរមកដល់ 5.49 លាននាក់នៅឆ្នាំ2019 ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប បានដឹកអ្នកដំណើរចំនួន 618,663 នាក់ធ្លាក់ចុះ 83ភាគរយ បើប្រៀបធៀបនឹងចំនួនភ្ញៀវចុះចតចំនួន 3.57លាននាក់ក្នុងឆ្នាំ 2019។ ខណៈអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុបានស្វាគមន៍អ្នកដំណើរចំនួន 214,969 នាក់ ធ្លាក់ចុះ 86ភាគរយ ពីអ្នកដំណើរ 1.57លាននាក់ ដែលបានទទួលនៅឆ្នាំ2019 ។

យោងតាម (SSCA) អាកាសយានដ្ឋានអន្តរជាតិទាំង3បានដឹកទំនិញចំនួន 49,983 តោន ធ្លាក់ចុះ 31ភាគរយ។ ចរាចរណ៍ទំនិញ ភាគច្រើនកើតឡើង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានប្រាប់ឱ្យដឹងថា ការធ្វើដំណើរផ្លូវអាកាសមានសកម្មភាពនៅដើមឆ្នាំ2021 អាចបាន ឬមិនបាន មិនមែនអាស្រ័យលើវិស័យអាកាសចរណ៍នោះទេ ព្រោះអាកាសចរណ៍មិនដែលបិទនោះទេ។ កម្ពុជាធ្លាប់បិទតែពេលកូវីដឆ្លងខ្លាំង ចំពោះប្រទេសអឺរ៉ុបមួយចំនួន និងប្រទេសអាស៊ី មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន តែចរាចរណ៍ហោះហើរត្រូវគាំងស្តូកស្ទើរទូទាំងពិភពលោក ដោយសារតែវិធានការនៃស្ថានការណ៍កូវីដជាក់ស្តែង។ វិធានការវាប៉ះពាល់ទៅលើអ្នកដែលធ្វើដំណើរ ពោលគឺ ទី1អ្នកធ្វើដំណើរត្រូវអនុវត្តទៅតាមវិធានការដែលរាជរដ្ឋាភិបាលបានចេញ ហើយទី2អ្នកធ្វើដំណើរគាត់ខ្លាចដោយខ្លួនឯងតែម្តង។

ឯកឧត្តមស៊ិនចាន់ សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ប្រាប់AMSថា៖« ស្ថានការណ៍នៃសកម្មភាពការធ្វើដំណើរ វិធានការលើជំងឺកូវីដជាក់ស្តែង បានធ្វើឱ្យអ្នកធ្វើដំណើរខ្លាចខ្លួនឯងតែម្តង។ បើធ្វើដំណើរ2ថ្ងៃ ហើយចត្តាឡីស័ក្តិ14ថ្ងៃទៀតនេះជាវិធានការ។ ដូច្នេះកត្តាទំនាក់ទំនងសេដ្ឋកិច្ច និងកត្តាធ្វើដំណើរ អាស្រ័យលើកូវីដទាំងអស់។ បើកូវីដធូរស្រាលនោះវានឹងបើក ឬវិវឌ្ឍខ្លួនឯងតែម្តង ព្រោះអាកាសចរណ៍មិនដែលបិទនោះទេ តែវិធានការធ្វើឱ្យការធ្វើដំណើរមិនអាចប្រព្រឹត្តទៅបាន»។

ដោយឡែកភ្នាក់ងារអាកាសចរណ៍ស៊ីវិលអង្គការសហប្រជាជាតិ ហៅកាត់ថា (OACI) កាលពីពេលថ្មីៗនេះធ្លាប់បានព្រមានថា សម្រាប់អនាគតដ៏ខ្លីខាងមុខ ពិភពលោកគ្មានទស្សនៈវិស័យល្អក្នុងវិស័យនេះទេ ដោយហេតុថាការរាតត្បាតនៃជំងឺកូវីដ-19 ចំនួនអ្នកដំណើរតាមផ្លូវអាកាសបានធ្លាក់ចុះអស់ចំនួន60ភាគរយនៅឆ្នាំ2020 ហើយចរាចរណ៍ផ្លូវអាកាសក្នុងស្រុក បានធ្លាក់ចុះអស់ពី 50ភាគរយ និងដល់ទៅ74ភាគរយ សម្រាប់ការហោះហើរអន្តរជាតិ។

បើតាមការលម្អិតក្នុងរបាយការណ៍ របស់(OACI)បានបញ្ជាក់ថានៅឆ្នាំ 2020 ចំនួនអ្នកដំណើរតាមយន្តហោះ បានធ្លាក់ចុះខ្លាំង ត្រឡប់ទៅមានកម្រិតដូចកាលពីឆ្នាំ2003 ដោយរាប់ឃើញមានអ្នកធ្វើដំណើរតែ1800 លាននាក់ ទល់នឹង4500 លាននាក់ កាលពីឆ្នាំ2019។

ចំនួនអ្នកដំណើរតាមផ្លូវអាកាសនឹងបន្តធ្លាក់ចុះទៀត និងធ្លាក់ចុះធ្ងន់ធ្ងរខ្លាំងថែមទៀត នៅត្រីមាសទី1ឆ្នាំ2021នេះ។ ជាផលវិបាកក្រុមហ៊ុនអាកាសចរណ៍បានទទួលការខាតបង់សរុបអស់370ពាន់លានដុល្លារអាមេរិក។ អាកាសយានដ្ឋាន និងក្រុមហ៊ុនផ្គត់ផ្គង់សេវាហោះហើរ រងការខាតបង់ម្នាក់ៗអស់115 និង13ពាន់លានដុល្លារ។ ការខាតបង់ដ៏ធ្ងន់ធ្ងរនេះ ជាបញ្ហាចោទខ្លាំងដល់ផ្នែកសុវត្ថិភាពហិរញ្ញវត្ថុរបស់ឧស្សាហកម្មអាកាសចរណ៍ ។

វិស័យអាកាសចរណ៍នឹងអាចងើបឡើងវិញនៅត្រីមាសទី2 ឆ្នាំ 2021 តែវាអាស្រ័យទាំងស្រុងទៅលើប្រសិទ្ធភាពនៃយុទ្ធនាការចាក់ថ្នាំបង្ការដែលកំពុងចាប់ផ្តើម។ អាកាសចរណ៍ក្នុងស្រុកធននឹងវិបត្តិជំងឺកូវីដ-19 បានជាងអាកាសចរណ៍អន្តរជាតិ ជាពិសេសនៅប្រទេសចិន និងរុស្ស៊ី សកម្មភាពធ្វើដំណើរ និងហោះហើរបានវិលមករកភាពធម្មតា ស្មើកម្រិតមុនវិបត្តិជំងឺកូវីដ-19 វិញ។ នេះបើតាមភ្នាក់ងារជំនាញផ្នែកអាកាសចរណ៍ស៊ីវិល៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner