រដ្ឋាភិបាលថៃច្រានចោលការរិះគន់ដែលថាក្រុមហ៊ុនរបស់ស្តេចមានឥទ្ធិលពលលើកិច្ចការវ៉ាក់សាំងបង្ការកូវីដ១៩
រាជរដ្ឋាភិបាលថៃ នៅថ្ងៃទី១៩ មករា ២០២១នេះ បានប្រកាសការពារយុទ្ធសាស្ត្រវ៉ាក់សាំងបង្ការកូវីដ១៩ ដោយច្រានចោលការរិះគន់របស់ក្រុមបក្សប្រឆាំងដែលចោទថា បានពឹងផ្អែកខ្លាំងលើក្រុមហ៊ុនមួយដែលជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ។
ថ្មីៗនេះ មានការរិះគន់របស់អ្នកនយោបាយបក្សប្រឆាំងដែលគេហាមមិនឲ្យចូលប្រទេសថៃ ឈ្មោះថា Thanathorn Juangroongruangkit ចំពោះបញ្ហាវ៉ាក់សាំងនេះ ពោលគឺចំពេលដែលប្រទេសថៃកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងផ្ទុះខ្លាំង ហើយក៏ក្រោយពេលរាប់ខែដែលក្រុមបាតុករដឹកនាំដោយយុវជនបានផ្តើមធ្វើបាតុកម្មជាប្រវត្ថិសាស្ត្រប្រឆាំងនឹងរបបរាជានិយមនោះ។
នាយកវិទ្យាស្ថានវ៉ាក់សាំងជាតិរបស់ថៃ Nakorn Premsri បានលើកឡើងថា «ការចោទប្រកាន់គ្មានមូលដ្ឋាន និងមិនត្រឹមត្រូវនេះមិនគួរយកមកពាក់ព័ន្ធនឹងកិច្ចការរបស់ស្ថាប័នព្រះមហាក្សត្រ ដែលពួកយើងគោរពស្រលាញ់ជាទីបំផុតនេះទេ»។
លោក Thanathorn បាននិយាយថា ក្រុមហ៊ុនរាជវង្ស Siam Bioscience បានក្លាយជាជម្រើសតែមួយគត់ ក្នុងចំណោមក្រុមហ៊ុនជាច្រើន ដែលគេសម្រេចក្នុងការទទួលកិច្ចការផ្ទេរបច្ចេកទេសពីក្រុមហ៊ុន ក្នុងការផលិតវ៉ាក់សាំង២០០លានដូស រៀងរាល់ឆ្នាំ សម្រាប់ប្រទេសថៃនិងបណ្តាប្រទេសផ្សេងៗទៀត៕ ប្រភពពី CNA
