ភាគហ៊ុន Alibaba នៅហុងកុងកើនឡើង 6 ភាគរយបន្ទាប់ពី Jack Ma បង្ហាញមុខក្រោយបាត់ខ្លួន២ខែ

បរទេស៖ ចាប់តាំងតែពីថ្ងៃទី24 ខែតុលា ឆ្នាំ2020 ជាពេលដែលមហាសេដ្ឋីចិនដ៏ល្បី Jack Ma បានបង្ហាញខ្លួនជាសាធារណៈជាលើកចុងក្រោយនៅក្នុងពិធីថ្លែងការណ៍មួយនៅក្នុងទីក្រុងសៀងហៃដែលរូបលោកបាននិយាយវាយប្រហារយ៉ាងខ្លាំងៗទៅលើប្រព័ន្ធច្បាប់របស់ប្រទេសចិននោះគាត់ក៏បានបាត់វត្តមានរហូតមក។

ទើបតែនៅថ្ងៃពុធ ទី20 ខែមករា ឆ្នាំ2021 នេះពោលគឺអស់រយៈពេលជាង 2 ខែមកហើយ ទីបំផុតលោក Jack Ma ត្រូវបានសារព័ត៌មាន Tianmu News ដែលជាសារព័ត៌មានគាំទ្រដោយរដ្ឋាភិបាលនៃខេត្ត Zhejiang បានរាយការណ៍ថា រូបលោកបានចូលរួមក្នុងកិច្ចប្រជុំមួយជាមួយនឹងគ្រូបង្រៀនជាច្រើននាក់តាមរយៈវីដេអូខល។

យោងតាមសេចក្តីប្រកាសរបស់អង្គការ Jack Ma Foundation បានបញ្ជាក់ថា លោក Jack Ma ពិតជាបានចូលរួមនៅក្នុងកិច្ចប្រជុំមួយនឹងព្រឹកថ្ងៃពុធនេះជាមួយនឹងក្រុមគ្រូបង្រៀនប្រាកដមែន ខណៈដែល Alibaba Group ក៏បានអះអាងអំពីព័ត៌មាននេះដូចគ្នាដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា នៅក្រោយដំណឹងនៃការបង្ហាញវត្តមានរបស់លោក Ma ភ្លាម ក្រុមហ៊ុន Alibaba ដែលមាននៅក្នុងទីផ្សារហ៊ុនរបស់ក្រុងហុងកុងបានហក់ឡើងដល់ទៅ 6 ភាគរយ។

ព័ត៌មានអំពីលោក Jack Ma នៅថ្ងៃពុធនេះផងដែរ ក៏ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Alibaba បានប្រកាសចាយលុយយ៉ាងហោចណាស់ 5 ពាន់លានដុល្លារ ហើយក្រោយមកត្រូវបានបណ្តាញសារព័ត៌មាន Reuters ចេញផ្សាយថា អាចនឹងកើនទៅដល់ 8 ពាន់លានដុល្លារពីការលក់សម្រាប់ខែនេះទៅលើកិច្ចសហប្រតិបត្តិការនានារបស់ក្រុមហ៊ុនធំរបស់លោក៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner