តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកូរ៉េ Kia ស្ទុះឡើង២០ភាគរយ បន្ទាប់ពីមានព័ត៌មានថា Apple ជ្រើសយកក្រុមហ៊ុននេះ ដើម្បីផលិតរថយន្តអគ្គិសនី
អាមេរិក៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង គា (Kia) បានស្ទុះឡើងភ្លាមៗ បន្ទាប់ពីសារព័ត៌មានជាច្រើនចុះផ្សាយថា ក្រុមហ៊ុន Apple បានចាប់យក គា ធ្វើជាដៃគូផលិតរថយន្តអគ្គិសនី ។
បើតាមសារព័ត៌មានកូរ៉េខាងត្បូង ក្រុមហ៊ុនផលិតរថយន្ត ហៃយន់ដៃ ម៉ូទ័រ គ្រុប បានបើកភ្លើងខៀវឱ្យ គា ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន ទទួលបន្ទុក និងធ្វើការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple ដែលប្រការនេះ ធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Kia កើនឡើង២០ភាគរយ ។
សូមជម្រាបថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្ដើមសង្វាក់ផលិតកម្មផលិតរថយន្តនៅដើមឆ្នាំ២០២៤ខាងមុខ បន្ទាប់មកទៀតក៏លេចធ្លាយព័ត៌មាន Apple ទទួលបានប៉ាតង់ពាក់ព័ន្ធនឹងការរចនា និងផលិតរថយន្ត ពីនិយតករអាមេរិក៕
ប្រភព៖ Reuters

