រដ្ឋមន្ត្រីក្រសួងកសិកម្ម ថ្លែងថា ក្រសួងបាន សម្រេចផ្អាកការនាំចូលផលត្រី ដើម្បីពង្រីក ផលិតកម្មក្នុងស្រុក និងទ្រទ្រង់តម្លៃត្រីឡើងវិញ
ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីថ្ងៃទី២៣ ខែមករា ឆ្នំា២០២១ បានអញ្ជើញចុះពិនិត្ យកសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក លឿង ស្ថិតនៅភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ។ លោក លក លឿងបានឲ្យ ដឹងថា កសិដ្ឋានលោកបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១១ លើផ្ទៃដី ៣ហិតា ទទួលបានផល៣០ តោនក្នុង១ឆ្នាំ។ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋបាលជលផល មន្ទីរកសិកម្ម និងជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ដែលបានជំរុញឲ្យ ប្រជា កសិករខិតខំចិញ្ចឹមត្រីគ្រប់ប្រភេទ ពិសេសត្រីអណ្តែង និងកង្កែប ដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងស្រុក ក្នុង បរិបទនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ និងចំណាត់ការរបស់ឯកឧត្តមរដ្ឋមន្រ្តីបានទាន់ពេល និងមានប្រសិទ្ធភាពក្នុងការផ្អាកការនាំចូលត្រីពីប្រទេសជិតខាង និងទទួលបានប្រាក់កម្ចី ពីធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកម្ម បច្ចុប្បន្នកសិដ្ឋានបានពង្រីកស្រះចិញ្ចឹមបាន៤៤លើផ្ទៃដី២៧ហិតា ដោយគ្រោងចិញ្ចឹមត្រីឲ្យបាន ៩៥០-១០០០តោនក្នុង១ឆ្នាំ និងឡើងដល់ ២៥០០ តោនក្នុង១ឆ្នាំ នាឆ្នាំ២០២៣ខាងមុខ ។ ជាក់ស្តែងនៅប៉ុន្មានខែខាងមុខកសិដ្ឋានគ្រោងចាប់ត្រីចម្រុះចំនួន ១០០តោន សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក។
ឯកឧត្តម វេង សាខុន បានកោតសរសើរ និងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងរបស់វារីវប្បករដែលបានអត់ធ្មត់ ស៊ូទ្រាំ និងឆ្លងកាត់បញ្ហាយ៉ាងលំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យម្ហូបអាហារដែលប្រើប្រាស់ផលពីវារីវប្បកម្មក្នុងស្រុក ជាហេតុធ្វើឲ្យបរិមាណផ្គត់ផ្គង់លើសពីតម្រូវការ នាំឲ្យតម្លៃត្រីធ្លាក់ចុះដោយស្វ័យប្រវត្តិ។ ហេតុផលដ៏ចំបងនេះ ក្រសួងបានសម្រេចផ្អាកការនាំចូលផលត្រីដើម្បីពង្រីកផលិតកម្មក្នុងស្រុក និងទ្រទ្រង់តម្លៃត្រីឡើងវិញ ហើយចំណាត់ការនេះទទួល ការគាំទ្រ សាទរ និងអរគុណពីវារីវប្បករនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម សមាគមវារីវប្បករកម្ពុជា ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម រៀបចំផ្សារណាត់ដើម្បីផ្តល់ឱកាសឲ្យអ្នកចិញ្ចឹម ឈ្មួញ និងអ្នកបញ្ជាទិញ បានជួបពិភាក្សាគ្នាលើចំណុចវិជ្ជមាន និងអវិជ្ជមាន។ ឯកឧត្តម ក៏បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រីពីប្រទេស ជិតខាង ហើយបានអំពាវនាវអ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្ម ឲ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូន ថាក្រសួងកសិកម្ម កំពុងពិភាក្សាជាមួយវិនិយោគិនធំៗ ដែលមានអាជីវកម្មលើវិស័យកសិ-ឧស្សាហកម្ម ត្រៀមរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេសកសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លីដើម្បីជំរុញការនាំចេញកសិផល តាមរយ:ការប្រមូលផ្តុំ ឃ្លាំងស្តុកត្រជាក់ រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ៕






