អូស្ត្រាលីនឹងចាយលុយ 770លានដុល្លារសម្រាប់កិច្ចការងារអភិវឌ្ឍន៍សព្វាវុធថ្មីសម្រាប់កងទ័ពជើងទឹក

បរទេស៖ អូស្ត្រាលីបាននៅថ្ងៃចន្ទនេះថា កញ្ចប់ប្រាក់ប្រមាណជា 1 ពាន់លានដុល្លារអូស្ត្រាលី ឬប្រមាណជា 770 លានដុល្លារអាមេរិកត្រូវបានអនុម័តដើម្បីយកទៅប្រើប្រាស់នៅក្នុងកិច្ចការងារធ្វើទំនើបកម្មលើសព្វាវុធសម្រាប់កងទ័ពជើងទឹករបស់ខ្លួនដែលមានរួមទាំងមីស៊ីលចម្ងាយឆ្ងាយ និងគ្រាប់កាំភ្លើងត្បាល់ផងដែរ។

ការប្រកាសដដែលបានឲ្យដឹងទៀតដែរថា អូស្ត្រាលីមានផែនការសំខាន់ដែលផ្តោតទៅលើការបំពាក់បន្ថែមនូវមីស៊ីលចម្ងាយឆ្ងាយប្រឆាំងនាវាចម្បាំងការពង្រឹងសមត្ថភាពមីស៊ីលការពារអាកាសការពង្រឹងសមត្ថភាពគ្រាប់កាំភ្លើងត្បាល់ទម្ងន់ស្រាលព្រមទាំងបច្ចេកវិទ្យាការពារដែនទឹករបស់ខ្លួនជាច្រើនគម្រោងផ្សេងទៀត។

ការចំណាយលើកនេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃគម្រោងថវិកាថ្នាក់ជាតិដែលធ្លាប់បានប្រកាសកាលពីលើកចុងក្រោយមួយក្នុងការពង្រឹងសមត្ថភាពយោធាអូស្ត្រាលីក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខដែលមានគោលដៅផ្តោតសំខាន់ទៅលើបញ្ហានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាពិសេស ខណៈពេលដែលខ្លួនកំពុងមានបញ្ហាតានតឹងជាមួយនឹងមហាយក្សចិន។

គួររំលឹកដែរថា បញ្ហាទំនាក់ទំនងរវាងប្រទេសចិន និងអូស្ត្រាលីបានកើតឡើងដំបូងតាំងតែពីឆ្នាំ 2018 ក្នុងពេលដែលរដ្ឋាភិបាលក្រុង Canberra បានប្រកាសហាមឃាត់មិនឲ្យប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនយក្សចិន Huawei ហើយស្ថានភាពកាន់តែអាក្រក់នៅពេលដែលលោកនាយករដ្ឋមន្ត្រី Scott Morrison បានអំពាវនាវាសុំឲ្យអន្តរជាតិក្នុងការបើកការស៊ើបអង្កេតរកប្រភពដើមនៃវិរុសកូវីដ19 នៅក្នុងប្រទេសចិនដែលគ្រានោះបានធ្វើឲ្យរដ្ឋាភិបាលក្រុង Beijing មានការខឹងសម្បារយ៉ាងខ្លាំង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner