អាជ្ញាធរជាតិព្រះវិហារចាប់ផ្ដើមគម្រោងសិក្សាស្រាវជ្រាវឡដុតកុលាលភាជន៍គោគដីឆ្នាំងដំណាក់កាលទី២ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ
អាជ្ញាធរជាតិព្រះវិហារបានសហការជាមួយសាកលវិទ្យាល័យ Wasedaនៃប្រទេសជប៉ុន នៅថ្ងៃ២៥មករាឆ្នាំ២០២១ បានធ្វើការសិក្សាស្រាវជ្រាវបន្ថែមលើស្ថានីយ៍ឡបុរាណគោគដីឆ្នាំងក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ខេត្តព្រះវិហារ។ ក្នុងកិច្ចសហប្រតិបត្តិការលើការងារស្រាវជ្រាវនោះ មានមន្រ្តីបច្ចេកទេសបុរាណវិទ្យាពីររូបនៃនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា គឺលោក ភិន សំណាង និងលោក ភិន ភក្តី ដឹកនាំការធ្វើកំណាយបុរាណវិទ្យា ដោយសហការណ៍ជាមួយអ្នកជំនាញផ្នែកស្រាវជ្រាវលើកុលាលភាជន៍ខ្មែរ និងចិន លោកបណ្ឌិត Yukitsugu Tabata អញ្ជើញមកពីសាកលវិទ្យាល័យ Waseda University។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមមន្ត្រីជំនាញនៃអាជ្ញាធរជាតិព្រះវិហារបានធ្វើកំណាយលើកទី១ម្តងរួចមកហើយ តែពុំទាន់រកឃើញនូវរចនាសម្ព័ន្ធនៃសំណង់ឡដុតកុលាលភាជន៍បុរាណឡើយ ដោយរកឃើញតែសម្ភារៈខូចខាតនៃឡដែលគេបានបោះចោល មានដូចជាបំណែកជញ្ជាំងឡ បំណែកកំណល់ទ្រដុតក្បឿង និងក្បឿង រួមទាំងបំណែកភាជន៍ជាច្រើនសន្ធឹកសន្ធាប់ទៀត។
ក្នុងគម្រោងសហប្រតិបត្តិការស្រាវជ្រាវលើកទី២នេះ ក្រុមការងារមានបំណងធ្វើកំណាយដើម្បីស្វែងរកឲ្យឃើញនូវស្នាកស្នាមនៃរចនាសម្ព័ន្ធសំណង់ឡបុរាណចងក្រងទុកជាឯកសារ។ គម្រោងសហប្រតិការសិក្សាស្រាវជ្រាវលើឡបុរាណនោះ មានរយៈពេលពីរសប្តាហ៍គិតចាប់ពីថ្ងៃទី២៥មករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមជំនួយថវិកាពីសាកលវិទ្យាល័យ Waseda University និង មូលនិធិរដ្ឋាភិបាលជប៉ុនJapan Government Fund៕កឹម ទៀង




