សម្តេចក្រឡាហោមប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅកម្ពុជា ឆ្នាំ២០១៩
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីលទ្ធផលចុងក្រោយជំរឿនទូទៅប្រទេសកម្ពុជា ឆ្នាំ២០១៩។
ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងផែនការ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩, តំណាងអង្គការសហប្រជាជាតិសម្រាប់ប្រជាជនកម្ពុជា (UNFPA), តំណាងស្ថានទូតប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនផងដែរ។
បើតាមរបាយការណ៍ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធានគណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជនកម្ពុជា ឆ្នាំ២០១៩ បានបញ្ជាក់ថា លទ្ធផលនៃការធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ មានតម្លាភាព និងត្រឹមត្រូវ រហូតដល់៩៧.៥ភាគរយ ដែលអាចឲ្យស្ថាប័នពាក់ព័ន្ធ យកទៅប្រើប្រាស់តាមតម្រូវការ ពិសេសសម្រាប់ការយកទៅធ្វើផែនការផ្សេងៗ ខណៈតួលេខនេះ ក៏ត្រូវបានបញ្ជូនទៅអង្គការសហប្រជាជាតិផងដែរ។
ឯកឧត្តមបញ្ជាក់ថា តួលេខបណ្តោះអាសន្ន ក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន ១៥,២៨៨,៤៨៩នាក់ ក្នុងនោះ មានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។ ចំនួនប្រជាជនសរុបកើនឡើង ១,៨៩២,៨០៧នាក់ ត្រូវនឹង១៤.១ភាគរយ រយៈពេល១១ឆ្នាំ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១៩។ តួលេខទាំងនេះ មិនរាប់បញ្ចូលពលករធ្វើការនៅក្រៅប្រទេសឡើយ។
ថ្លែងក្នុងពិធីនេះសម្តេចក្រឡាហោម ស ខេង បានចូលរួមផ្តល់អនុសាសន៍ អោយគ្រប់ផ្នែក ប្រើប្រាស់ទិន្នន័យជំរឿន គួរជឿទុកចិត្តនេះ ឱ្យបានទូលំទូលាយ ក្នុង ការរៀបចំគោលនយោបាយ ការសម្រេចនានា និងដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព ការវាស់វែង ការអនុវត្តសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ និងកម្មវិធីផ្សេងៗទៀត និង ត្រូវខិតខំបន្តប្រមែប្រមូលធនធានពីដៃគូអភិវឌ្ឍន៍ សម្រាប់ធ្វើជំរឿននានាឱ្យបានក្នុងពេលខាងមុខ មានជំរឿនសេដ្ឋកិច្ច ជំរឿនកសិកម្ម ដែលសុទ្ធសឹងមានសារៈប្រយោជន៍សម្រាប់ការអភិវឌ្ឍប្រទេស។
សម្តេចក្រឡាហោម ក៏បាន ជម្រុញអោយ ពង្រឹងប្រព័ន្ធស្ថិតិជាតិឱ្យបានល្អប្រសើរ តាមរយៈការពង្រឹងការអនុវត្តបទបញ្ញត្តិស្ថិតិ យន្តការ សម្រប សម្រួលដោយក្រុមប្រឹក្សាស្ថិតិ និងគណៈកម្មាធិការសម្របសម្រួលស្ថិតិជាដើម និងជំរុញការអភិវឌ្ឍ ប្រព័ន្ធស្ថិតិឱ្យស្របតាមច្បាប់ស្តីពីស្ថិតិ និងស្របតាមយុទ្ធសាស្រ្តជាតិសម្រាប់អភិវឌ្ឍន៍ស្ថិតិ ដើម្បីជៀសវាងភាព ជាន់គ្នាក្នុងការអង្កេត និងភាពប្រទាំងប្រទើសក្នុងការផ្សព្វផ្សាយលទ្ធផល ក៏ដូចជាប្រសិទ្ឋ ភាព និងការទទួលបាននូវ ទិន្នន័យស្ថិតិគ្រប់ជ្រុងជ្រោយដែលមានគុណភាពគួរទុកចិត្តបាន៕ដោយ -រ៉ាវុធ












