លោក សន សៀប ៖ ការវិនិយោគនៅក្នុងទីផ្សារអចនទ្រព្យនៅកម្ពុជាត្រូវបានធ្វើឡើងជា3កម្រិត
ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាត្រូវបានធ្វើឡើងច្រើនរូបភាព ច្រើនសណ្ឋាន និងមានទំហំផ្សេងៗពីគ្នាក្នុងគោលបំណងរួមតែមួយគត់គឺការទទួលបានផលចំណេញពីការវិនិយោគត្រឡប់មកវិញទាំងអស់។ ស្ថិតនៅក្នុងគោលបំណងរួមនេះ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានធ្វើការកត់សម្គាល់ឃើញថា ការវិនិយោគនៅក្នុងទីផ្សារមួយនេះត្រូវបានធ្វើឡើងជា3ប្រភេទ ដែលមានលក្ខណៈខុសពីគ្នា។
លោក សន សៀប ជាស្ថាបនិក និងជានាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate បានប្រាប់ AMS ស្ថានភាពសេដ្ឋកិច្ចក្នុងឆ្នាំ2020 មិនសូវជាល្អទេ ទើបធ្វើឱ្យទីផ្សារអចលនទ្រព្យមានភាពថមថយ។ ស្ថានភាពនេះអ្នកជំនាញអចលនទ្រព្យក៏បានធ្វើការអង្កេតទៅលើវិស័យអចលនទ្រព្យជាទូទៅនៅភ្នំពេញនៅមានលំនឹងល្អ ដោយសារមានការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ជាពិសេសគម្រោងផ្លូវក្រវាត់ក្រុងដែលកំពុងបន្តភាពទាក់ទាញក្នុងការទិញលក់ដីធ្លី និងលំនៅដ្ឋានកម្រិតមធ្យម ប៉ុន្តែសម្រាប់ខេត្តមួយចំនួនដូចជាព្រះសីហនុ និងខេត្តសៀមរាបមានការធ្លាក់ចុះនូវតម្លៃដីធ្លី ហើយការទិញលក់ក៏ត្រូវបានកាត់បន្ថយ។
លោក សន សៀប បានសម្លឹងឃើញថា ការវិនិយោគក្នុងទីផ្សារអចលនទ្រព្យនៅពេលបច្ចុប្បន្នមាន3ប្រភេទ ដោយក្នុងនោះរួមមាន ៖
អ្នកវិនិយោគទី1- អ្នកមិនសូវហ៊ានប្រថុយប្រថាន ដោយច្រើនជាការវិនិយោគតែទៅលើតំបន់ដែលមានការអភិវឌ្ឍស្រាប់។ អ្នកវិនិយោគបែបនេះមានផលតបស្នងមានប្រហែល 10% ទៅ 15%ប៉ុណ្ណោះ ដែលរត់ស្របទៅនឹងស្ថានភាពសេដ្ឋកិច្ច មានន័យថាពេលសេដ្ឋកិច្ចកើនការវិនិយោគក៏ទទួលបានផលចំណេញច្រើន ប៉ុន្តែពេលសេដ្ឋកិច្ចធ្លាក់ ផលចំណេញក៏ថមថយដូចគ្នា។
អ្នកវិនិយោគទី2- ជាអ្នកវិនិយោគនៅក្នុងគម្រោងអភិវឌ្ឍន៍ណាមួយដែលចេញដំណើរហើយ មានន័យថា នៅពេលដែលឃើញគម្រោងកំពុងដំណើរការ ហើយចាប់ឱកាសតែម្ដង ដែលភាគច្រើនគឺជាអ្នកទិញដី។ ការឆ្លើយតបនឹងការវិនិយោគបែបនេះ តែងបានផលតបស្នងក្នុងចន្លោះ 20% ទៅ 30% ។
អ្នកវិនិយោគទី3- ជាអ្នកដែលមានមហិច្ឆតាចង់បានការតបស្នងនៃការវិនិយោគខ្ពស់ ចាប់ពី 40%ទៅ50%ឡើងទៅ។ ជាទូទៅពួកគេគឺជាអ្នកវិនិយោគអាជីព ជាអ្នកវិនិយោគមានព័ត៌មានច្រើនអំពីទិន្នន័យតម្លៃទីផ្សារ។ នៅពេលមានទិន្នន័យក្នុងដៃ ដឹងច្បាស់ពីការវិវត្តន៍ទីផ្សារ រួចជាមួយនឹងការចេះវិភាគទៅលើស្ថានការណ៍ នោះការវិនិយោគនឹងកើតមានក្នុងទ្រង់ទ្រាយធំ ឬមធ្យម ប៉ុន្តែអ្នកវិនិយោគបែបនេះពុំសូវមានច្រើននោះទេ ហើយមិនសូវផ្តោតសំខាន់ទៅលើទំនោរនៃស្ថានភាពសេដ្ឋកិច្ចនោះទេ ពោលបើទោះជាសេដ្ឋកិច្ចធ្លាក់ក៏វិនិយោគ សេដ្ឋកិច្ចកើនក៏វិនិយោគ៕