រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖គ្រប់មន្ទីរព័ត៌មាន គ្រប់ខេត្ត ក្រុង ត្រូវមានការជួបប្រជុំគ្នារៀងរាល់ថ្ងៃ ដើម្បីក្តាប់បាននូវរាល់ ព័ត៌មាន ដែលកើតមានឡើងក្នុងខេត្តរបស់ខ្លួន
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងដូចនេះ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីខួប១០ឆ្នាំ នៃដំណើរការផ្សាយ វិទ្យុ FM ជាតិនគរភ្នំ ១០៣ MHz និង ខួប៤ឆ្នាំ ថ្ងៃការបង្កើតទូរទស្សន៍ជាតិ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ដោយមានការចូលរួមពី ឯកឧត្តម ម៉ក់ សំភាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត ។
បន្ទាប់ស្តាប់របាយការណ៍ក្នុងកិច្ចស្វាគមន៍របស់លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តរួច ឯកឧត្តម ពិន ប្រាកដ ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ដែលបានលះបង់នូវកម្លាំងកាយ និងបញ្ញាញាណក្នុងការអនុវត្តតួនាទី និងភារកិច្ចប្រកបទៅដោយក្រមសីលធម៌ វិជ្ជា ជីវៈ ។ ឯកឧត្តមបានបញ្ជាក់ថា ព័ត៌មាន គឺជាវិស័យដ៏សំខាន់មួយ ក្នុងចំណោមវិស័យជាច្រើនទៀត ដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយអង្គភាពអ្នកសារព័ត៌ទាំងអស់ មានតួនាទីជាអ្នកទទួល និងផ្សព្វផ្សាយ អំពីដំណឹងផ្សេងៗ ដោយស្មារតីទទួលខុសត្រូវ គោរពក្រមសីលធម៌វិជ្ជាជីវៈ ក្រោមលក្ខខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន ។ ក្នុងបរិបទដែលវិស័យព័ត៌មាន កំពុងលេចធ្លោនេះ យើងសង្កេតឃើញថា មធ្យោបាយលើប្រពន័្ធ ផ្សព្វផ្សាយមានសភាពផ្លាស់ប្តូរ ដែលពីមុនបងប្អូនប្រជាពលរដ្ឋអាចទទួលបានព័ត៌មានផ្សេងៗ តែតាមរយៈវិទ្យុ ទូរទស្សន៍ជាដើម តែបច្ចុប្បន្ន ពួកគាត់អាចទទួលបានព័ត៌មានពីគ្រប់ទិសទីយ៉ាងឆាប់រហ័ស តាមរយៈ បណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ ។
ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានរម្លឹកនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពីបញ្ហាជម្ងឺ កូវីដ១៩ មានតែក្រសួងសុខាភិបាល មួយប៉ុណ្ណោះជាអ្នកឆ្លើយ និងផ្តល់គ្រប់ព័ត៌មាន ដែលកើតមានឡើង ។ ឯកឧត្តម ក៏បានលើកឡើងនូវកិច្ចប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធ ប្រឆាំងជម្ងឺកូវិដ១៩ បានលទ្ធផលល្អ ហើយបណ្តាប្រទេសលើពិភពលោក បានរៀនសូត្រតាម អ្វីដែលសំខាន់ ក្នុងកិច្ចការងារនេះ គឺបានរៀបចំ ក្រុមអ្នកនាំពាក្យនាំមុខមួយ មានសមត្ថភាពគ្រប់គ្រាន់ ធ្វើការងារ២៤ម៉ោង ក្នុងការឆ្លើយតប និង ផ្តល់នូវព័ត៌មានពិតប្រាដ ជូនដល់សាធារណជន ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីបដិវត្តន៏ បួន ចុចសូន្យ គឺហៅថា បញ្ញាញ្ញាណ សិប្បនិមិត្ត ដែលជាសម័យព័ត៌មានច្រើន និងមានភាពស្មុគស្មាញណាស់ ដោយមិនអាចធ្វើ ម្នាក់ឯងបាននោះទេ ។ ដូច្នេះ គ្រប់មន្ទីរព័ត៌មាន គ្រប់ខេត្ត ក្រុង ត្រូវមានការជួបប្រជុំគ្នារៀងរាល់ថ្ងៃ ដើម្បីក្តាប់បាននូវរាល់ ព័ត៌មាន ដែលកើតមានឡើងក្នុងខេត្តរបស់ខ្លួន ហើយមន្ទីរត្រូវគិតថា ត្រូវឆ្លើយតប ដោយខ្លួនឯង ឬ ទាក់ទងទៅមន្ទីរជំនាញ ឬទៅអភិបាលខេត្ត ដើម្បីឆ្លើយតប និងដោះស្រាយ បានទាន់ពេលវេលា ។ ដើម្បីឲ្យការងាររបស់មន្ទីរព័ត៌មានទទួលបានជោគជ័យ គឺ ការងារបង្រួបបង្រួមសាមគ្គីភាពផ្ទៃក្នុងគ្នាឲ្យបានល្អ មានយុត្តិធម៏ ក្នុងការងារជួបនិយាយគ្នា ជាបងប្អូន ហើយក៏ត្រូវមានទំនាក់ទំនងល្អជាមួយគ្រប់មន្ទីរជុំវិញខេត្ត បណ្តាមន្ទីរព័ត៌មាន ពិសេសអភិបាលខេត្ត ពេលនោះរាល់គ្រប់កិច្ចការងារនឹងបានដំណើរការទៅដោយរលូន និងមានលទ្ធផលល្អទៀតផង ៕




