ជនជាតិដើមភាគតិចព្នង ក្នុងភូមិ-ឃុំ ក្បាល រមាស នៃស្រុកសេសាន នៅរក្សាទំនៀម ទំលាប់សែនព្រេន តាមបែបប្រពៃណី
ខេត្តស្ទឹងត្រែង៖ ពិធីសែនស្រូវឡើងជង្រុក ឬបិទជង្រុករបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង ក្នុងភូមិ ក្បាលរមាស ឃុំក្បាលរមាស នៃស្រុកសេសាន ត្រូវបានប្រព្រឹត្តឡើងតាមបែបជំនឿជនជាតិ ដើម្បីបួងសួង សុំឲ្យការបង្កបង្កើនផលសម្រាប់ឆ្នាំក្រោយៗទៀតរបស់ពួកគេ ទទួលបានទិន្នផលខ្ពស់ និងសុំសេចក្ដីសុខ សេចក្តីចម្រើន ។ ក្នុងនោះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺប្រជាពល រដ្ឋជនជាតិដើមភាគតិចព្នង ដង្វាយដែលត្រូវរៀបចំឡើងដើម្បីសែនព្រេន ដោយប្រើបាយស បាយក្រហម មាន់ស្ងោរ ស្រាពាង ស្រាស អង្ករ និងមានការវាយគង វាយឃ្មោះ តាមបែប ប្រពៃណី របស់ពួកគាត់ទៀតផង ។
កម្មវិធីនេះ គឺបង្ហាញពីប្រពៃណី ទំនៀមទំលាប់របស់ជនជាតិដែលធ្លាប់បានធ្វើជាយូរយារមកហើយ សំរាប់ ឲ្យកូនចៅជំនន់ក្រោយបានស្គាល់ និងជួយអភិរក្សបន្ត ។
នៅក្នុងពិធីសែនស្រូវឡើងជង្រុក នោះ លោក គ្រុ យូ មេកន្ទ្រាញជនជាតិព្នង និងជាមេភូមិក្បាលរមាស បានលើកឡើងថា ពិធីនេះ មិនខុសពីបងប្អូនខ្មែរយើង ដែលធ្វើពិធីសែនព្រេននៅទីវត្តអារាម ក្នុង រដូវបុណ្យទាននោះទេ ។ ហើយបងប្អូនជនជាតិយើង ក្រោយពីប្រមូលផលស្រូវហើយ បានកំណត់យកខែមាឃ នៅក្នុងសប្តាហ៍ទី២ ឬទី៣ក្នុងខែមករា ដោយជ្រើសរើសយកថ្ងៃណាមួយ ធ្វើពិធីសែនព្រេនពេល ព្រឹកសែនតាមផ្ទះរៀងៗខ្លួន ហើយនៅពេលថ្ងៃទើបនាំគ្នាមកធ្វើពិធីរួមគ្នាម្តងទៀត នៅកន្លែង រោងអ្នកតាម្ចាស់ស្រុក ។
លោកបានបន្ថែមថា ការជួបជុំគ្នាពេលថ្ងៃមេកន្ទ្រាញ ត្រូវសួរនាំ បងប្អូនកូនចៅទាំងអស់ឲ្យដឹងពីភោគផល ដែលទទួលបាននៅក្នុងឆ្នាំនេះ ថាតើអ្នកណាបានតិច ឬបានច្រើន ដើម្បីចាត់ចែងការជួយគ្នាទៅ វិញទៅមក នៅពេលដែលមានការខ្វះខាត ស្បៀងអាហារ ក្នុងជីវភាពរស់នៅ ។
ក្នុងនោះដែរ លោកស្រី ឃ្លឿប ជា ក៏បានទទួលស្គាល់ថា ការគោរពប្រពៃណីនេះ ក៏ចង់ឲ្យបងប្អូនទុក ដាក់ ភោគផល ដែលខំធ្វើបានមកហើយឲ្យនៅគង់វង្ស ហើយប្រើប្រាស់ក៏ឲ្យចេះសន្សំសំចៃ ។លោកស្រីថាៈនេះក៏ជាការសំដែង នូវការដឹងគុណចំពោះព្រះមេរុទីពី ដែលជួយចិញ្ចឹមជីវិតឲ្យរស់រានមានបាន ទាំងកូនចៅមកដល់សព្វថ្ងៃនេះ ។
លោក ច្រូ ញ៉ុង ជនជាតិព្នង បានបញ្ជាក់ថាៈពិធីសែននេះបងប្អូនជនជាតិព្នង ធ្វើតាមទំលាប់ដែលមាន ពីដូនតាមកជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ ហើយដើម្បីឲ្យកូនចៅចងចាំ និងប្រតិបត្តិ តាមកុំឲ្យ ឃ្លៀងឃ្លាតពីអំបូរជនជាតិ ព្រោះបច្ចុប្បន្ននេះ អ្វីៗសព្វគ្រប់មិនថាតែសម្ភារៈប្រើប្រាស់ និសម្លៀកបំពាក់ ក៏ដូចជាភាសាមួយចំនួន ត្រូវបានផ្លាស់ប្តូរ គឺនៅសល់តែពិធីសែនព្រេនមួយនេះទេដែលនៅរក្សាបាន ។
ពិធីសែនព្រេនតាមបែបប្រពៃណីជនជាតិដើមភាគតិចព្នងលើកនេះ ក៏ដូចសព្វដងដែរ ដោយមេកន្ទ្រាញ បានកោះហៅទាំងក្មេងចាស់ ប្រុសស្រី ឲ្យមកប្រមូលផ្តុំគ្នា យកអាហារ នំចំណី មានមាន់ អង្ករ បង្អែម អន្សម ស្រាពាង ជាដង្វាយមកសែនព្រេន ដល់អ្នកតាម្ចាស់ស្រុក ហៅថា(តាកង )នៅភ្នំមមី សុំ ឲ្យពរ ជ័យ មកកូនចៅដោយទទួលបានសេចក្តីសុខ សេចក្តីចម្រើនទាំងអស់គ្នា និងសូមឲ្យរស់នៅប្រកប ដោយ សុខក្សេមក្សាន្ត ។
សូមបញ្ជាក់បន្ថែមថា នៅស្រុកសេសានមានទៅដោយច្រើនអំបូរជនជាតិ ដែលមាន ដូចជា. ជនជាតិព្នងនៅឃុំក្បាលរមាស ជនជាតិព្រៅនៅឃុំកំភុន និងជនជាតិគ្រឹងនៅឃុំតាឡាត ដែលបាន នឹងកំពុងអភិរក្សនូវប្រពៃណីបែបនេះដូចគ្នាផងដែរ ៕ដោយ៖ ដេង ម៉ាវិន
