សិក្ខាសាលា ដកពិសោធន៍លើការងារ សម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធ ពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាព ស៊ីវិលទិសយោធភូមិភាគទី៤
ក្នុងអង្គសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលទិសយោធភូមិភាគទី៤ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលបានធ្វើឡើងនៅសាលាខេត្តសៀមរាប ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហានជំនាញពាក់ព័ន្ធទាំងអស់ ព្រមទាំង ឯកឧត្តម លោកជំទាវ សប្បុរសជន បណ្ដាអង្គភាពសម្ព័ន្ធមេត្រីភាព និងជនរួមជាតិទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំបំពេញការងារសម្ព័ន្ធមេត្រីភាព សម្រេចបានលទ្ធផលល្អប្រសើរ។
ដោយឈរលើស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច សាមគ្គីសហការល្អ លើកកម្ពស់ “សិល្បៈនៃការចែករំលែក” ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិត្រូវប្រឈមនឹងការលំបាកនានា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងនូវមរតកសាសន៍ដ៏មានតម្លៃបំផុតគឺ “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគា្រមានអាសន្ន ” “ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ” ហើយមរតកសាសន៍ដ៏មានតម្លៃនេះ បានក្លាយទៅជាកម្លាំងសាមគ្គីជាតិ ជួយឧបត្ថម្ភទំនុកបម្រុងគ្នាជា មហាគ្រួសារខ្មែរ និយាយជារួម និងនិយាយដោយឡែក ចំពោះការងារសម្ព័ន្ធមេត្រីភាពរបស់យើងកន្លងមក ក៏បានប្រព្រឹត្តទៅយ៉ាងសកម្មផុលផុស អនុវត្តខ្ជាប់ខ្ជួនតាមគោលនយោបាយលើវិស័យការពារជាតិរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។
ឯកឧត្តម ហ៊ុន ម៉ាណែត បានចាត់ទុកអង្គសិក្ខាសាលានេះថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ និងពង្រីកកិច្ចសន្ទនា ជាពិសេសពង្រឹងនូវទំនុកចិត្ត និងការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងបណ្តាស្ថាប័ន កងយោធពលខេមរភូមិន្ទ ជាមួយនឹងស្ថាប័ន -អង្គភាពស៊ីវិលដៃគូក្នុងសម្ព័ន្ធមេត្រីភាព ក៏ដូចជាសប្បុរស ជននានា លើមូលដ្ឋាននៃ “ខឿនការពារជាតិរបស់ប្រជាជន” ដើម្បីជាគុណប្រយោជន៍យុទ្ធសាស្ត្រយូរអង្វែង នៃការកសាងនិងពង្រឹងប្រៀបការពារជាតិ តាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈ ស្រឡាញ់ប្រទេសជាតិ និងបានបំពេញកាតព្វកិច្ចចំពោះជាតិមាតុភូមិ ដោយស្មារតីមោទនភាពជាតិ។ ចំពោះទិសដៅការងារទៅមុខ ឯកឧត្តម ហ៊ុន ម៉ាណែត បានជំរុញអោយខិតខំបន្តនិរន្តរភាពការងារសម្ព័ន្ធមេត្រីភាព ជាមួយដៃគូសម្ព័ន្ធមេត្រីភាព ឆ្លើយតបទៅនឹងអនុសាសន៍ ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីបង្វែរទិសដៅមួយផ្នែក នៃជំនួយសម្ព័ន្ធមេត្រីភាព ឱ្យបម្រើទស្សនវិស័យយូរអង្វែង សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងការកែទម្រង់ កងយោធពលខេមរភូមិន្ទ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប





