លួចធុងបាស់ម៉ៃក្រូហ្វូន និងអំភ្លី បានសម្រេច តែគេចមិនរួចពីខ្នោះសមត្ថកិច្ច
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង១៥ និង២៧នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២១ ពាក់ព័ន្ធ ករណីលួចធុងបាស់ម៉ៃក្រូហ្វូន និងអំភ្លី នៅចំណុចក្នុងសាលារៀនអន្តរជាតិចុងអ៊ីង ផ្លូវ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យខាងលេីមាន ឈ្មោះ វី រាជសី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមសាលារៀនអន្តរជាតិចុងអ៊ីង ស្នាក់នៅក្នុងសាលារៀនអន្តរជាតិចុងអ៊ីង ផ្លូវ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ( មានសារធាតុញៀន) បានលួចធុងបាស់ម៉ៃក្រូហ្វូន និងអំភ្លី របស់សាលារៀនអន្តរជាតិចុងអ៊ីង ជនរងគ្រោះឈ្មោះ ទ្រី ស៊ីណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនសាលារៀនអន្តរជាតិចុងអ៊ីង ស្នាក់នៅផ្ទះលេខ៣៩៦ ផ្លូវបេតុង ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ សម្ភារៈបាត់បង់ ធុងបាស់ម៉ៃក្រូហ្វូន និងអំភ្លី , សម្ភារៈបន្សល់ទុក ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូនរបស់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
