ពិធីផ្ទេរតំណែង Miss Grand Cambodia 2020 ត្រូវបានរៀបចំឡើងតាមការគ្រោងទុក ដើម្បីជ្រើសរើសអ្នកជំនួសត្រៀមប្រកួតលើឆាកអន្តរជាតិក្នុងប្រទេសថៃនាខែមិនាខាងមុខនេះ
ភ្នំពេញ៖ ពិធីផ្ទេរតំណែង Miss Grand Cambodia 2020 ត្រូវបានរៀបចំឡើង តាមការគ្រោងទុក យ៉ាងតក់ក្រហល់ពោលនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ ។ មហាជន និង អ្នកគាំទ្រ បានទន្ទឹងរងចាំមើលថាតើ Miss Grand មួយណា ដែលត្រូវគ្រងតំណែងជំនួសកញ្ញា សេង រដ្ឋា Miss Grand Cambodia 2020 និង កញ្ញា លឹម សុធាវី ជ័យលាភីរងទី១ បន្ទាប់ពីកញ្ញាទាំងពីរព្រមព្រៀងលាលែងពីតំណែង និង ត្រូវបានបញ្ចប់កិច្ចសន្យាទាំងឡាយជាមួយស្ថាប័ន Miss Grand Cambodia កាលពីពេលថ្មីៗនេះ ខណៈការប្រកួតលើអន្តរជាតិខិតជិតមកដល់ នៅក្នុងខែមិនាខាងមុខនេះ នៅឯប្រទេសថៃ ។

ភាពចម្រូងចម្រាស់មួយនេះ គឺជារឿងដែលក្តៅគគុកមួយដែលធ្វើអោយមហាជនទូទៅ ជាពិសេសអ្នកនិយមគាំទ្រ និង តាមដាន Miss Grand តែម្តង ។ ជាក់ស្តែងលទ្ធផលជាផ្លូវការនៃការជ្រើសរើសតំណែងជំនួសកញ្ញា សេង រដ្ឋា នោះ ហើយអ្នកដែលក្លាយជាម្ចាស់ម្កុដ Miss Grand Camdodia 2020 គឺកញ្ញា លីវ ជីលី បវរកញ្ញាជ័យលាភីរងទី២ មកពីខេត្តបន្ទាយមានជ័យ ខណៈជ័យលាភីលំដាប់រងទី៣ត្រូវឡើងមកលំដាប់រងទី១ និងលំដាប់រងទី៤ត្រូវឡើងមកលំដាប់រងទី២វិញ ។

នៅក្នុងពិធីផ្ទេរតំណែង និងគ្រងម្កុដសារជាថ្មីនេះ កញ្ញា លីវ ជីលី បានបញ្ជាក់ថា រយៈពេល១ខែគឺពិតជាខ្លី ហើយអ្វីដែលនាងប្រឹងប្រែងខ្លាំង គឺការហ្វឹកហាត់ដើរដើម្បីកាន់តែបន្ថែមទំនុកចិត្តដែលនាងមានស្រាប់ ។ នាងស្នើឲ្យមហាជន ជាពិសេសអ្នកគាំទ្រវិស័យកញ្ញាឯកជួយផ្តល់ជាកម្លាំងចិត្ត និង បញ្ចេញមតិក្នុងន័យកែលម្អ ជាជាងការរិះគន់បែបជាន់ពន្លិច និងបញ្ចប់ការគិតថា ត្រឹមតែជាការចេញទៅប្រកួតដើម្បីជាការអមឆាក ខណៈពេលនេះនាងក៏ត្រូវការកម្លាំងចិត្ត ដើម្បីបន្តពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរតាមតែអាចធ្វើទៅបាន ។

ចំណែកលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សវិញបានមានប្រសាសន៍ថា ក្រុមហ៊ុនបានត្រៀមគ្រប់សព្វដើម្បីថែទាំហ្វឹកហាត់ ទាំងការដើរបង្ហាញម៉ូដ ឆ្លើយសំណួរ និងសកម្មភាពផ្សេងៗ ដើម្បីប្រាកដថា នឹងអាចក្លាយជាបេក្ខនារីតំណាងជាតិចេញទៅប្រកួតលើឆាកអន្តរជាតិបាន ។ លោកបន្ថែមថា បញ្ហាដែលកើតឡើងកន្លងមកនឹងក្លាយជាបទពិសោធន៍ថ្មីសម្រាប់ការផលិតកម្មវិធីលើកក្រោយ ហើយបើទោះបីជានៅសល់ពេលមិនច្រើនក្តី ប៉ុន្តែស្ថាប័ននឹងខិតខំពង្រឹងសមត្ថភាពកញ្ញាឯកតំណាងជាតិតាមលទ្ធភាព និងដើម្បីបញ្ចប់ការគិតថាត្រឹមតែជាបេក្ខនារីអមឆាក ដែលសូម្បីតែឈុតតំណាងជាតិ ឈុតរាត្រីសមោសរសម្រាប់កញ្ញាឯកគ្រងក៏បានត្រៀមរួចជាស្រេចដែរ ៕




