ខែដំបូងនៅឆ្នាំ2021 កម្ពុជានាំចេញអង្ករសរុបបាន 34,273 តោនធ្លាក់ចុះជាង 32ភាគរយ
យោងតាមរបាយការណ៍សង្ខេបរបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញថា ខែដំបូងនៅឆ្នាំ2021 កម្ពុជានាំចេញអង្ករសរុបបាន 34,273 តោនដែលមានការធ្លាក់ចុះជាង 32ភាគរយ ដោយសារបញ្ហាខ្វះកុងតឺន័រដឹក និងការដឹកជញ្ជូនតាមកប៉ាល់ ។
របាយការណ៍ក៏បានបញ្ជាក់ដែរថា ការនាំចេញអង្កររបស់កម្ពុជាក្នុងខែមករាឆ្នាំ2021 ទៅកាន់ទិសដៅចំនួន 28 ប្រទេសសម្រេចបានជារួម 34,273 តោន គិតជាទំហំទឹកប្រាក់ចំនួន 30.76លានដុល្លារសហរដ្ឋអាមេរិកដែលមានការថយចុះជារួម 32.07 ភាគរយ ជាពិសេសគឺទីផ្សាររបស់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបបានធ្លាក់ចុះជិត 60ភាគរយ ខណៈដែលទីផ្សារប្រទេសចិននៅតែបន្តមានភាពវិជ្ជមានពោលគឺកើនឡើងជិត 8ភាគរយបើប្រៀបធៀបនឹងខែមករាឆ្នាំមុន។
ការធ្លាក់ចុះនៃការនាំចេញអង្ករក្នុងខែមករានេះ គឺបណ្ដាលមកពីមូលហេតុចម្បងលើការដឹកជញ្ជូនតាមកប៉ាល់ ដោយកង្វះកុងតឺន័រសម្រាប់អង្ករ ដែលជាទំនិញធ្ងន់មិនមានកន្លែងផ្ទុកគ្រប់គ្រាន់(Shipping Space) របស់កប៉ាល់ដឹកជញ្ជូនពីកំពង់ផែក្រុងព្រះសីហនុ(Pre-courier)ទៅប្តូរនៅកប៉ាលមេទៅអឺរ៉ុប (Mother Vessel) ហើយតម្លៃទៀតសោតបានឡើងខ្ពស់ដល់ទៅ 5 ដងនៃតម្លៃឆ្នាំមុន។ ចំពោះទីផ្សារប្រទេសចិនបានកាន់កាប់ចំណែក 47.15ភាគរយនៃការនាំចេញសរុបដែលគិតជាបរិមាណគឺមានចំនួន 16,163 តោននឹងមានការកើនឡើង 7.7ភាគរយបើធៀបនឹងខែមករាឆ្នាំ2020។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា បរិមាណអង្ករនាំចេញក្នុងខែមករាឆ្នាំ2021នេះ មានចំនួន 34,273 តោន ថយចុះចំនួន 16,177 តោន (32.07ភាគរយ) តិចជាងបរិមាណនាំចេញក្នុងខែមករា ឆ្នាំ2020 ដែលមានចំនួន 50,450 តោន។ ចំពោះអង្ករក្រអូបគ្រប់ប្រភេទមានចំនួន 30,032 តោនស្មើហ្នឹង 87.63ភាគរយ និងអង្ករ ស គ្រប់ប្រភេទមានចំនួន 3,695 តោនស្មើនឹង10.78ភាគរយ និងអង្ករចំហុយមានចំនួន 546 តោនស្មើនឹង 1.59 ភាគរយ។ ក្នុងចំណោមអង្ករក្រអូបទាំងនោះអង្ករផ្ការំដួល/ផ្កាម្លិះ មានចំនួន 19,807 តោនស្មើនឹង 57.79 ភាគរយ។
របាយការណ៍បានបង្ហាញថា អង្ករនាំចេញទៅកាន់ទិសដៅចំនួន 28 ប្រទេសក្នុងនោះប្រទេសចិនចូលលំដាប់ទី1 មានចំនួន 16,163 តោន ប្រទេសបារាំងលំដាប់ទី 2 មានចំនួន 3,723 តោន ប្រទេសហ្គាបុងឈរលំដាប់ទី 3 មានចំនួន 3,570តោន ប្រទេសម៉ាឡេស៊ីឈរលំដាប់ទី 4មានចំនួន3,184 តោនប្រទេសអូស្ត្រាលីឈរលំដាប់ទី5 មានចំនួន 908តោន។ បរិមាណអង្ករដែលនាំចេញទៅកាន់ប្រទេសជាទិសដៅសហភាពអឺរ៉ុបចំនួន 14 ប្រទេសមានបរិមាណសរុបចំនួន 7635តោន (22.28ភាគរយ) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន 16,163 តោន (47.15ភាគរយ) ទិសដៅអាស៊ានចំនួន 2ប្រទេស មានបរិមាណសរុបចំនួន 3,259 តោន (9.51ភាគរយ) និងទិសដៅដទៃទៀតចំនួន 11 ប្រទេសមានបរិមាណសរុបចំនួន7,216តោន 21.06ភាគរយ។
ក្នុងខែមករាឆ្នាំ2021នេះ មានក្រុមហ៊ុននាំចេញអង្ករចំនួន 36 ក្រុមហ៊ុនដែលបរិមាណអង្ករនាំចេញ ត្រូវបាននាំមុខគេដោយ ទីមួយក្រុមហ៊ុនKhmer Foods Group មានចំនួន 3,739 តោន (10.91%) ទី 2ក្រុមហ៊ុនPrmalis Coperation មានចំនួន 3,570តោន (10.42%) ទី 3 ក្រុមហ៊ុនGolden Rice(Cambodia)មានចំនួន 3,226តោន (9.41%)ទី 4 ក្រុមហ៊ុនCity Rice Import Export 3,201តោន (9.34%) ទី 5 ក្រុមហ៊ុន Golden Star Rice មានចំនួន 3,177 តោន (9.27%)៕