ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានហ្វឹកហាត់បាញ់ចម្រុះ និងការសម្តែងលំហាត់ មុខវិជ្ជាអន្តរវុធបញ្ចប់វគ្គ របស់និស្សិតនាយទាហានទ័ពជើងគោក ជំនាន់ ទី៩

អត្ថបទដោយ៖
ធី ដា

កំពង់ស្ពឺ៖ វិទ្យាស្ថានទ័ពជើងគោក ថ្លុកតាសេក នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានហ្វឹកហាត់បាញ់ចម្រុះ និងការសម្តែងលំហាត់ មុខវិជ្ជាអន្តរវុធបញ្ចប់វគ្គ របស់និស្សិតនាយទាហានទ័ពជើងគោក ជំនាន់ ទី៩ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ វ៉ាន់ធាន ឯកអគ្គរដ្ឋទូត នៃសាធារណៈប្រជាមានិតចិនប្រចាំកម្ពុជា។

ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ និង ឯកឧត្តម វ៉ វ៉ាន់ធាន បានកាត់ខ្សែបូរបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានហ្វឹកហាត់បាញ់ចម្រុះ និងបានទស្សនាការសម្តែងលំហាត់ មុខវិជ្ជាអន្តរាវុធបញ្ចប់វគ្គ របស់និស្សិតនាយទាហានទ័ពជើងគោក ជំនាន់ ទី៩ ដែលមាន ៨មុខជំនាញ ក្នុងនោះមាន៖ បញ្ជូនសារ, ជំនាញគឺមីសាស្ត្រ, ជំនាញរថក្រោះ ដែលជំនាញរថក្រោះ បង្ហាញជូនគណៈអធិបតីទស្សនានាពេលនោះត្រូវបានបើកបរ សំដែងដោយនិស្សិតនាយទាហានទ័ពជើងគោកជានារី ក្រៅពីនេះមាន ជំនាញកាំភ្លើងធំ, ជំនាញ ការពារអាកាស, ជំនាញបច្ចេកទេសបាញ់, ជំនាញវិស្វកម្ម និងជំនាញយុទ្ធវិធី។ បន្ទាប់មក សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តម វ៉ វ៉ាន់ធាន ព្រមទាំងគណៈអធិបតី បានទស្សនាការសំដែងរបស់និស្សិតជំនាញកាំភ្លើងធំថ្នាក់កងអនុសេនាតូចប្រយុទ្ធការពារទីតាំង កាំភ្លើងធំ ធន់122 mm ដែលក្នុងនោះមាននិសិត្សជានារី ជាអ្នកច្រកគ្រាប់ និងបាញ់កាំភ្លើងធំ ធន់122 mm នេះ។

សូមបញ្ជាក់ថា៖ ក្នុងប្រតិបត្តិការសឹកនីមួយៗ កាំភ្លើងធំគឺជាអាវុធមួយប្រភេទ ដែលអាចជួយបាញ់គាំទ្រ ដល់បណ្តាកំលាំងឈរជើង នៅអង្គភាពជួរមុខ ក្នុងពេលប្រយុទ្ធ ហើយអាវុធកាំភ្លើងធំនេះ មិនអាចខ្វះបានឡើយ។ បន្ទាប់មកគណៈអធិបតីក៏បានទស្សនាការសម្តែងមុខជំនាញការពារអាកាស ថ្នាក់កងអនុសេនាធំ ការពារទីតាំងរឹងមាំ របស់និស្សិតនាយទាហានទ័ពជើងគោក ជំនាន់ ទី៩ ដោយប្រើប្រាស់កាំភ្លើងការពារអារកាស 37mm កាណុង២ ចំនួន៣ដើម។ ការសំដែងនោះត្រូវបានដឹកនាំបញ្ជាបាញ់ដោយនិសិ្សតនាយទាហាន ជានារី។ កាំភ្លើងការពារអារកាស 37mm ដែលបានសំដែងជូនទស្សនានាពេលនេះ អាចបាញ់ និងកម្ទេចគោលដៅ នៅលើអាកាសគ្រប់ប្រភេទ ក្នុងប្រសិទ្ធភាពចម្ងាយ៣៥០០ម៉ែត្រ និងកម្ពស់មានប្រសិទ្ធភាព ៣០០០ម៉ែត្រ។ នៅពេលចាំបាច់ អាវុធនេះក៏អាចបាញ់គោលដៅ នៅលើផ្ទៃដី និងផ្ទៃទឹក បានយ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ឧត្តមសេនីយ៍ឯក ម៉ម យឿន នាយកវិទ្យាស្ថានទ័ពជើងគោក ថ្លុកតាសេក បានបញ្ជាក់អោយដឹងថា៖សមិទ្ធផលនានា នៅក្នុងសំណង់ទីលានហ្វឹកហាត់បាញ់ចម្រុះ ដែលបានប្រារព្ធពិធីសម្ពោធនាពេលនេះ រួមមាន៖ អាគារបញ្ជាការហ្វឹកហាត់បាញ់ចម្រុះ ចំនួន ០១ខ្នង កម្ពស់០៣ជាន់ ទីលានហ្វឹកហាត់ បើកបររថក្រោះ រថពាសដែក, ទីលានហ្វឹកហាត់មុខវិជ្ជាបើកបររថយន្ត, ទីលានហ្វឹកហាត់មុខវិជ្ជាវិទ្យុទាក់ទង, ទីលានហ្វឹកហាត់មុខវិជ្ជា វិស្វកម្ម, ទីលានហ្វឹកហាត់បាញ់, មុខវិជ្ជាបច្ចេកទេសថ្មើរជើង, ទីលានហ្វឹកហាត់មុខវិជ្ជាយុទ្ធវិធីវាយទីក្រុង ដែលមានផ្ទៃដីសរុបទំហំ ២.៣ ហិតា។

ឯកឧត្តម បញ្ជាក់ថា៖ និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី ៩ ដែលជាជំនាន់ត្រៀមបិទបញ្ចប់វគ្គ នាថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ បានរៀបចំការសម្តែងលំហាត់អន្តរាវុធបញ្ចប់វត្តរបស់ខ្លួន ដើម្បីអបអរសារទរ ចំពោះសមិទ្ធិផល ថ្មីដែលបានកំពុងប្រារព្ធពិធីសម្ពោធនាពេលនេះ ហើយក៏ចង់បង្ហាញនូវសមត្ថភាព និងចំណេះដឹងយោធារបស់ខ្លួន ក្រោយពីបានហ្វឹកហ្វឺនអស់រយៈពេល០៤ឆ្នាំ កន្លងមក។

ថ្លែងទៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីលានហ្វឹកហាត់បាញ់ចម្រុះ និងការសម្តែងលំហាត់ មុខវិជ្ជាអន្តរវុធបញ្ចប់វគ្គ របស់និស្សិតនាយទាហានទ័ពជើងគោក ជំនាន់ ទី៩ ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវការអបអរសារទរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានទ័ពជើងគោក ជាមួយក្រុមបច្ចេកទេសវិទ្យាស្ថានការពារអាកាស កាំភ្លើងធំ នៃកងទ័ពរំដោះប្រជាជនចិន ដែលបានសហការគ្នាសាងសង់ ទីលានហ្វឹកហាត់ចម្រុះ និងរចនាសម្ព័ន្ធរណប មួយចំនួនទៀត ដំណើរការដោយរលូន និងសម្រេចជោគជ័យតាមផែនការ នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ចិន ប្រចាំឆ្នាំ២០១៨ និង២០១៩។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពប្រទេសទាំងពីរ ត្រូវបានបន្តពង្រឹងពង្រីកកាន់តែស៊ី ជម្រៅលើគ្រប់វិស័យ រហូតឈានដល់កិច្ចសហប្រតិបត្តិការ ភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ “ដោយឈរលើ គោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឲ្យគ្នា លើមូលដ្ឋាន ឈ្នះ ឈ្នះ និង សន្តិសហវិជ្ជមាន” ដែលមិនអាចបំបែកកាត់ផ្តាច់បានឡើយ ដូចថ្នាក់ដឹកនាំប្រទេសទាំងពីរ បានមានប្រសាសន៍ ថា “មិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្ត្រ ទាំងពីរកម្ពុជា-ចិន”។

សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកការសម្តែងលំហាត់ទាំង ៧ជំនាញ របស់និស្សិតនាយទាហានទ័ពជើងគោក ជំនាន់ទី៩ នាពេលនេះ បានបង្ហាញថា៖ ការហ្វឹកហ្វឺន និងបណ្តុះបណ្តាល នាពេលនេះ ពិតជាមានលក្ខណៈសមស្រប និងមានសារៈសំខាន់ក្នុងទិសដៅកសាង និងពង្រឹងវិស័យការពារជាតិ ដើម្បីធ្វើឲ្យកងទ័ពមានវិជ្ជាជីវៈ ចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដ ទន្ទឹមនឹងមនសិការមុតមាំ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ដែលជាការទទួលខុសត្រូវ ប្រកបដោយកិត្តិយសដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម សម្រាប់កងយោធពលខេមរភូមិន្ទយើង ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner