គ្រឿងញៀនជិត៥០០គីឡូក្រាមត្រូវសមត្ថកិច្ចរកឃើញនៅលើកោះមួយកណ្ដាលសមុទ្រខេត្តព្រះសីហនុ
គ្រឿងញៀនទាំងនោះ ត្រូវបានរកឃើញ ពេលកម្លាំងកងការពារកោះពូលូវ៉ៃលេខ៥ បញ្ជាការដ្ឋានការពារកោះ-ឆ្នេរ កងទ័ពជើងទឹក បានធ្វើការល្បាតរកឃើញលើផ្ទៃសមុទ្រ នៅតំបន់ខាងលិចកោះពូលូវ៉ៃ កាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២១។
លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃសទី៧កុម្ភៈឆ្នាំ២០២១ បានដឹកនាំកម្លាំងទីបញ្ជាការជួរមុខ និងមន្រ្តីស្ថាប័នគន្លឹះ រៀបចំពិធីត្រួតពិនិត្យ ធ្វើតេស្ត និងថ្លឹងទម្ងន់ វត្ថុសង្ស័យ ដោយមានការចូលរួមពីខាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកអភិបាលរងខេត្តព្រះសីហនុ លោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងមូលដ្ឋានសមុទ្រ កម្លាំងបញ្ជាការដ្ឋាន ការពារកោះ-ឆ្នេរ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងក្រុមប្រតិបត្តិការចម្រុះជាច្រើនរូបចូលរួមត្រួតពិនិត្យ។
ជាលទ្ធផលរកឃើញជាប្រភេទគ្រឿងញៀនកេតាមីន ដែលមានចំនួន២៣កេស ស្មើនឹង៤៦១កញ្ចប់ មានទម្ងន់សរុប៤៦៤គីទ្បូក្រាម ៥៥៧ក្រាម៥មីលីក្រាម។ វត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនទៅសាលាដំបូងខេត្តព្រះសីហនុ យកទៅរក្សាទុក និងកំពុងស្រាវជ្រាវរកម្ចាស់គ្រឿងញៀនទាំងនោះ៕





គ្រឿងញៀនជិត៥០០គីឡូក្រាមត្រូវសមត្ថកិច្ចរកឃើញនៅលើកោះមួយកណ្ដាលសមុទ្រខេត្តព្រះសីហនុ 

