តម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសថៃនឹងបន្តកើនឡើងនៅក្នុងឆ្នាំ2021

បាងកក៖ទោះបីជាអាជីវកម្ម និងជំនួញជាច្រើននៅក្នុងប្រទេសថៃកំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ដោយសារតែបំរាមធ្វើដំណើរ និងការពន្យាពេលនៃការចែកចាយវ៉ាក់សាំងការពារកូវីដនៅឡើយក្តី ប៉ុន្តែអ្នកជំនាញក្នុងនៅក្នុងវិស័យអចនទ្រព្យបានបង្ហាញពីភាពជឿជាក់ថា ចំពោះទីផ្សារនៃវិស័យមួយនេះនឹងបន្តមានកំណើន និងតម្រូវការខ្ពស់សម្រាប់បម្រើដល់វិស័យឧស្សាហកម្មដូចការរំពឹងទុក។

The Bangkok Post ដែលចេញផ្សាយនៅថ្ងៃចន្ទនេះបានសរសេរថា កត្តាធំៗមួយចំនួនដែលបានធ្វើឲ្យសកម្មភាពនេះនៅតែបន្តកើនឡើងនៅក្នុងឆ្នាំ2021 មានដូចជាតម្រូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសធំបំផុតរបស់ថៃ Eastern Economic Corridor(EEC) ការកើនឡើងនៃវិស័យលក់ទំនិញអនឡាញ ជាពិសេសគឺគម្រោង និងផែនការធំៗរបស់រដ្ឋាភិបាលនៅក្នុងកិច្ចការងារវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរផង។

យោងតាមការបញ្ជាក់របស់លោក Phattarachai Taweewong ប្រធានប្រតិបត្តិនៃក្រុមហ៊ុនស្រាវជ្រាវ និងទំនាក់ទំនង Colliers International​​​ Thailand បាននិយាយថា អាជីវកម្មអចលនទ្រព្យនៅក្នុងវិស័យឧស្សាហកម្មសម្រាប់ឆ្នាំ 2021 នេះនឹងមានការកើនឡើងដដែលបើធៀបទៅនឹងតួលេខកាលពីឆ្នាំទៅ។

លោកបន្តថា នៅក្នុងឆ្នាំនេះការលក់ និងជួលដីនឹងមានការកើនឡើងចន្លោះពី 5 ទៅ 10 ភាគរយជាមធ្យមឬប្រមាណជា 2,500 ទៅ 3,000 រ៉ៃឬ 400 ទៅ 480 ហិកតា ដែលភាគច្រើនគឺជាគម្រោងវិនិយោគរបស់រដ្ឋាភិបាលថៃទាំងអស់។

ក្រៅតែពីគម្រោងការក្នុងការដំណើរការប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស EEC ផងនោះក៏មានគម្រោងអចលនទ្រព្យសម្រាប់តំបន់ឧស្សាហកម្មពីសេសជាច្រើនទៀតផងដែរដែលលិចរូបរាងឡើងក្នុងគោលបំណងគាំទ្រទៅដល់វិស័យឧស្សាហកម្មជាតិ។

ទីភ្នាក់ងារជាតិទទួលបន្ទុកកិច្ចការងារវិនិយោគឬ BoI វិញក៏បានព្យាយាមយ៉ាងខ្លាំងផងដែរ ដើម្បីអាចលើកទឹកចិត្តវិនិយោគបរទេសបន្ថែមទៀតតាមរយៈការលើកទឹកចិត្តចំពោះអ្នកបង់ពន្ធធំព្រមទាំងការផ្លាស់ប្តូរនិងកែប្រែច្បាប់មួយចំនួនដែលបានជួយសម្របសម្រួលដល់ប្រតិបត្តិការនៃអាជីវកម្មចាស់ថ្មីនៅក្នុងប្រទេស។

គម្រោងហេដ្ឋរចនាសម្ព័ន្ធធំដែលត្រូវបានគេមើលឃើញមានដូចជាផ្លូវរថភ្លើងតភ្ជាប់ពីChachoengsao កាត់តាម Klong 19 ទៅ Kaeng Khoi ផ្លូវល្បឿនលឿនពី Kaeng Khoi ទៅ Map Ta Phut និងពី Pattaya ទៅ Map Ta Phut អាកាសយានដ្ឋាន U-Tapao ការអភិវឌ្ឍផែសមុទ្រ Chanbang ដំណាក់ទី 3 និងផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុង Bangkok ទៅដល់ Rayong ផងដែរ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner