ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តប៉ៃលិន
ប៉ៃលិន ៖ ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០១១ សហវ.ប្រក សម្រេចតែងតាំងលោក ណេង ករុណា ជាប្រធានរតនាគារខេត្តប៉ៃលិនថ្មីជំនួសលោក ហៀង សុងហួតដែលត្រូវដល់អាយុចូលនិវត្តន៌ ។ បន្ទាប់ពីទទួលបានប្រកាសតែងតាំងមុខតំណែងថ្មី ពីឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួចមកលោក ណេង ករុណា ដែលទើបតែងតាំងមុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តធ្វើការប្តេជ្ញាអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសប្ដេជ្ញាគោរពគាំទ្រ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានវាយតម្លៃការខិតខំប្រឹងប្រែងបម្រើការងារបានល្អរបស់លោកប្រធានចាស់ ដែលបានបំពេញការងាររយៈពេលជិត២ឆ្នាំ រហូតដល់អាយុចូលនិវត្តន៍ និងបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំសាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការងារសង្គម បម្រើសេវាសាធារណ:ផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ព្រមទាំងផ្ដាំផ្ញើដល់ប្រធានថ្មីបន្តខិតខំដឹកនាំមន្ត្រីក្រោមឱវាទ និងកិច្ចសហប្រតិបត្តិការសាមគ្គីភាពជាមួយមន្ទីរអង្គភាពពាក់ ព័ន្ធប្រកបដោយគុណភាព និងគុណផល បន្តរួមចំណែកជាមួយរដ្ឋបាលខេត្តលើកិច្ចការទូទាត់ហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ មានប្រសាសន៍ កោតសរសើរស្នាដៃលោកប្រធានចាស់ ដែលបានដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងការ បំពេញការងាររយៈពេលជិតពីរឆ្នាំកន្លងមកនេះ ស្របតាមកំណែទម្រង់ស៊ីជម្រៅ យុទ្ធសាស្ត្រចតុកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានផ្ដាំផ្ញើដល់លោកប្រធាន រតនាគារខេត្តព្រះសីហនុថ្មី ត្រូវអនុវត្តន៍តួនាទីឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាព របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសការអនុវត្ត អនុក្រម៥យ៉ាង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបាវចនាពីរយ៉ាង និងអភិក្រម៤ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌបង្កើន សមត្ថភាពការងារកាន់តែល្អថែមទៀតគឺ ទី១. អនុវត្តន៍ការងារប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌, ទី២.អនុវត្តន៍ការងារជាក្រុម, ទី៣.អនុវត្តន៍ការងារប្រកាន់ភ្ជាប់ស្មារតីបុរេ សកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, និងទី៤. មិន ត្រូវមើលរំលងកំហុសរបស់ខ្លួន ហើយអភិក្រមទាំង ៤នេះ ជាគោលដៅ ក្នុងការអភិវឌ្ឍការងារ ប្រកបដោយប្រសិទ្ធភាព ៕ ដោយ / គ្រី សម្បត្តិ