Derek ចំណាយពេលជាង១០ឆ្នាំ នៅកម្ពុជា ព្រោះចង់ហ្វឹកហាត់ និងស្វែងយល់ពីក្បាច់គុនល្បុក្កតោ របស់ខ្មែរ

ក្បាច់គុនល្បុក្កតោរបស់ខ្មែរ ដែលមានប្រវត្តិជាយូលុងណាស់មកហើយ បច្ចុប្បន្ននេះកំពុង បង្កើនប្រជាប្រិយភាពទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីស្រទាប់យុវជនកម្ពុជាឲ្យចូលរួមហ្វឹកហាត់តាំងពីជនបទដល់ទីក្រុង ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺក្បាច់គុនខ្មែរមួយនេះ បានផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យស្គាល់ ថែមទាំងអន្ទងចិត្តឲ្យជនបរទេសចូលមកទឹកដីកម្ពុជាហ្វឹកហាត់ និងស្វែងយល់ពីក្បាច់គុនល្បុក្កតោផងដែរ ។


ជាក់ស្តែង ដូចជា លោក Derek ជនជាតិបារាំង ដែលទទួលបានសញ្ញាតិខ្មែរ មានឈ្មោះខ្មែរ ចាន់ រិទ្ធិសក្ក័ បានចំណាយពេលហ្វឹកហាត់ប្រមាណជាជង១០ឆ្នាំ នៅកម្ពុជា ហើយបច្ចុប្បន្នគេទទួលបានក្រមាខ្មៅ២ជាន់ ។ មុនចូលហ្វឹកហាត់ក្បាច់គុនល្បុក្កតោ លោក Derek ជាអ្នកស្រលាញ់ និងចូលចិត្តក្បាច់គុន ក៍ធ្លាប់សាកល្បងហាត់គុនកុងហ្វូរបស់ចិនដែរ ប៉ុន្តែនៅពេលស្គាល់ពីក្បាច់គុនល្បុក្កតោខ្មែរ Derek បានសម្រេចចិត្តមកស្នាក់នៅហ្វឹកហាត់ជាមួយលោក គ្រូតាក្រមាមាស សាន គឹមស៊ាន រហូតចេះទាំងក្បាច់គុន និងចេះនិយាយភាសារខ្មែរយ៉ាងស្ទាត់ជំនាញផងដែរ ។



គួររំលឹកថា លោក Derek ដែលមានឈ្មោះខ្មែរ ចាន់ រិទ្ធិសក្ក័ បានមកដល់ទឹកដីកម្ពុជាដំបូង នៅឆ្នាំ២០១០ បានចូលរួមហ្វឹកហាត់ក្បាច់គុនល្បុក្កតោ រយៈពេល១០ឆ្នាំ និងបានចូលរួមសកម្មភាពផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរមួយនេះ ទៅកាន់ក្រៅប្រទេសជាមួយមិត្តរួមក្រុម ដូចជា អូស្រា្តលី បារាំង ជប៉ុន និងសហរដ្ឋអាមេរិក ៕
