ញូវសឺឡេនកំពុងស្នើចិនពន្យល់បន្ថែមពីការផ្អាកទទួលយកអាហារសមុទ្ររបស់ខ្លួន
បរទេស៖ប្រទេសញូវសឺឡេននៅថ្ងៃពុធនេះបាននិយាយថាខ្លួនបានធ្វើការដាក់ពាក្យស្នើសុំការពន្យល់ជាបន្ទាន់មួយ
ទៅកាន់អជ្ញាធរនៃប្រទេសចិនដើម្បីសុំការពន្យល់បន្ថែមពាក់ព័ន្ធទៅនឹងការបញ្ឈប់ការទទួលយកអាហារសមុទ្រចេញពីឃ្លាំងស្តុកធំៗរបស់ញូវសឺឡេនចំនួន2។
ការនាំចេញប្រភេទគ្រំសមុទ្រចេញពីឃ្លាំង Sanford និងត្រីសមុទ្រចេញពីឃ្លាំង Sealord ត្រូវបានផ្អាកសកម្មភាព
របស់ខ្លួនទៅក្នុងប្រទេសចិន។ នេះបើយោងតាមការបញ្ជាក់ពីក្រសួងទទួលបន្ទុកកិច្ចការងារឧស្សាហកម្មរបស់ញូវសឺឡេនឬ MPI (Ministry for Primary Industries)។
MPI បានបញ្ជាក់ទៀតថា ឃ្លាំងស្តុកអាហារសមុទ្រទាំងពីរកាលពីចុងខែមករាត្រូវបានធ្វើការទំនាក់ទំនងស្នើសុំឲ្យមានការធ្វើការត្រួតពិនិត្យ(audit)តាមរយៈ Video Call ជាមួយនឹងភ្នាក់ងារគយរបស់ប្រទេសចិន ប៉ុន្តែពួកគេទើបតែបានទទួលដំណឹងថាត្រូវបានចិនផ្អាកការនាំចេញផលិតផលនេះកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះប៉ុណ្ណោះ។
លោក Julie Collins អនុប្រធានផ្នែកកិច្ចការងារគោលនយោបាយពាណិជ្ជកម្មនៃ MPI បាននិយាយថា «បញ្ហាដែលយើងមានពេលនេះជឿជាក់ថាមិនមានការពាក់ព័ន្ធទៅនឹងការចម្លងវិរុសកូវីដ១៩ដែលមាននៅលើអាហារសមុទ្រនោះឡើយប៉ុន្តែលោកសង្ស័យថាជាករណីដែលបណ្តាមកពីដំណើរការនៃការត្រួតពិនិត្យ (audit)នាពេលកន្លងមកនោះប៉ុណ្ណោះ»។
សូមបញ្ជាក់ផងដែរថា ក្រោយពេលដែលចិនបានដាក់ទណ្ឌកម្មទៅលើប្រទេសអូស្ត្រាលីក្នុងការនាំចេញផលិតផលមួយចំនួនចូលទៅក្នុងទីផ្សាររបស់ខ្លួនដោយសារបញ្ហាចោទប្រកាន់ទៅលើបញ្ហាប្រភពដើមនៃកូវីដនោះ ប្រទេសញូវសឺឡេនបានក្លាយទៅជាដៃគូធំបំផុតរបស់ចិន ដោយទំហំនាំចេញនាំចូលរវាងគ្នាមានដល់ទៅ 21.58ពាន់លានដុល្លារ ហើយគេបានដឹងដែរថាអាហារសមុទ្ររបស់ញូវសឺឡេនដែលនាំចេញគឺមាន 35 ភាគរយនៃទំហំសរុបគឺសម្រាប់បម្រើឲ្យទីផ្សារចិន៕