ស្ថាបនិកកម្មវិធីជជែកកំសាន្តដ៏ល្បីរបស់កូរ៉េ Kakao សន្យាបរិច្ចាគទ្រព្យសម្បត្តិពាក់កណ្តាលដោះស្រាយបញ្ហាសង្គម

បរទេស ៖ មហាសេដ្ឋីខ្ទង់ពាន់លានដុល្លារ និងជាស្ថាបនិកនៃកម្មវិធីជជែកកំសាន្តដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បុង Kakao លោក Brian Kim បានធ្វើការសន្យានៅសប្តាហ៍នេះថា លោកនឹងបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ពាក់កណ្តាលដើម្បីយកទៅប្រើប្រាស់លើការងារជាច្រើនដែលផ្តោតសំខាន់លើការដោះស្រាយបញ្ហារបស់សង្គម។

លោក Kim ដែលគេបានដឹងថានៅគ្រាមួយនោះលោកមិនទាន់ទទួលបានជោគជ័យ ធ្លាប់រស់នៅក្នុងនៅក្នុងបន្ទប់តូចចង្អៀតមួយជាមួយនឹងសមាជិកគ្រួសាររបស់គាត់ដល់ទៅ 7 នាក់រួមគ្នា ប៉ុន្តែពេលនេះលោកបានក្លាយទៅជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិរហូតទៅដល់ 7.9 ពាន់លានដុល្លារ ឬជាមនុស្សដែលមានទ្រព្យច្រើនបំផុតទី 332 នៅក្នុងចំណាត់ថ្នាក់ដែលបានធ្វើឡើងដោយ The Bloomberg Billionaries Index។

ពាក់ព័ន្ធទៅនឹងដំណឹងនេះលោក Kim បាននិយាយទៀតដែរថា៖«ខ្ញុំពិតជាធ្លាប់បានសន្យាបែបនេះមែន ដោយបរិច្ចាគទ្រព្យសម្បតិ្តរបស់ខ្ញុំពាក់កណ្តាលដើម្បីយកទៅដោះស្រាយបញ្ហាសង្គម ហើយវានឹងធ្វើឡើងពេញមួយជីវិតរបស់ខ្ញុំតទៅមុខទៀត»។

យោងតាមការចេញផ្សាយរបស់កាសែត Yonhap បានឱ្យដឹងថា ព័ត៌មានលំអិតនៃការបរិច្ចាគនេះគឺមិនទាន់
ត្រូវបានប្រកាសជាសាធារណៈនៅឡើយ ប៉ុន្តែតាមផែនការរបស់លោក Kim នឹងធ្វើការប្រកាសជាផ្លូវការនៅពេលខាងមុខឆាប់ៗនេះ។

គួរឲ្យដឹងដែរថា លោក Kim ក្នុងវ័យ 54 ឆ្នាំ គឺជាអ្នកដែលបានបង្កើតកម្មវិធីជជែកកំសាន្តតាមទូរស័ព្ទ Kakao កាលពីឆ្នាំ2010 ហើយបច្ចុប្បន្នលោកជាម្ចាស់ភាគហ៊ុន 26 ភាគរយរបស់ក្រុមហ៊ុន។ Kakao ពេលនេះមានអ្នកប្រើប្រាស់ជាប្រចាំថ្ងៃប្រមាណជា 45 លាននាក់ ហើយកាលពីត្រីមាសទី 3 កន្លងមកនេះបានបង្ហាញថា Kakao រកបានប្រាក់ចំណេញរហូតទៅដល់ 926 លានដុល្លារ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner