សម្តេចតេជោ ហ៊ុន សែន បានរំឭកខួប១ឆ្នាំ នៃការអនុញ្ញាតិអោយនាវាទេសចរណ៍ខ្នាតអន្តរជាតិ Westerdam សំចត សង្គ្រោះមនុស្ស១៤៥៥នាក់
បើយោងតាមគេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា «កម្ពុជាតូចពិត ប៉ុន្តែកម្ពុជាមានបេះដូងគុណធម៌ធំទូលាយ» តាមរយៈចំណងជើងនេះ គេនឹកដល់ថ្ងៃដែល អ្នកដំណើរ ប្រមាណ ១៤៥៥នាក់ បូករួមទាំងនាវឹកផងនោះ មានសេចក្តីសប្បាយរីករាយ ឥតឧបនា បន្ទាប់ពីបានចូលចត នៅកំពង់ផែក្រុងព្រះសីហនុ ដែលជាទឹកដីអច្ឆរិយ នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចតេជោ បានសរសេរថា សូមកុំភ្លេចអញ្ជើញមកទស្សនាកម្ពុជា!
ថ្ងៃនេះជាខួប១ឆ្នាំ (១៣ កុម្ភៈ ២០២០ -១៣ កុម្ភៈ ២០២១) ដែលប្រទេសកម្ពុជាបានទទួលនាវាទេសចរណ៍ខ្នាតអន្តរជាតិ westerdam ដែលមានផ្ទុកអ្នកដំណើរប្រមាណ ១៤៥៥នាក់ និងនាវិកចំនួន៨០២នាក់មកពី៤១ប្រទេស អោយចូលចតនៅក្រុងព្រះសីហនុ។
យើងចាំច្បាស់ណាស់គឺនៅពេលពេលនោះពិភពលោកមានការភ័យខ្លាចរន្ធត់យ៉ាងខ្លាំងអំពីការរីករាលដាលជម្ងឺកូវីដ១៩ ដែលបានធ្វើអោយប្រទេសជាច្រើនមិនអនុញ្ញាតអោយនាវាទេសចរណ៍ Westerdam ចូលចតដាច់ខាត ទោះបីបានដឹងថានៅក្នុងនាវានោះមានជីវិតមនុស្សរាប់ពាន់នាក់ដែលកំពុងអស់សង្ឃឹមហើយប្រឈមនឹងអត់ស្បៀងអាហារ និងជាពិសេសប្រឈមនឹងគ្រោះកាចនៃជំងឺឆ្លងកូវីដ១៩។
កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មិនអាចទុកជីវិតមនុស្សរាប់ពាន់នាក់អោយស្លាប់នៅកណ្តាលមហាសាគរបានឡើយ។ បើទោះបីកម្ពុជាជាប្រទេសតូចគ្មានធនធានដូចប្រទេសធំៗមួយចំនួនមែនពិត ប៉ុន្តែកម្ពុជាមានបេះដូងមនុស្សធម៍ធំទូលាយបានទទួលស្វាគមន៍នាវាចូលចត និងបានសង្គ្រោះអ្នកទេសចរនិងនាវិកទាំងអស់ចេញពីនាវាហើយបានរៀបចំកន្លែងអោយស្នាក់នៅព្យាបាល និងបានរៀបចំអោយបងប្អូនអ្នកទេសចរណ៍ទំាងអស់បានធ្វើដំណើរតាមយន្តហោះវិលទៅជួបជុំក្រុមគ្រួសារនៅប្រទេសកំណើតខ្លួនវិញប្រកបដោយសុវត្ថិភាព។ អរគុណសន្តិភាព!
ស្ថានទូតអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជា ក៏បានបង្ហោះសារថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្តល់សិទ្ធិឱ្យនាវាទេសចរណ៍ Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាជនជាតិអាមេរិក និងអឺរ៉ុប ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
មិនតែប៉ុណ្ណោះ លោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានផ្ញើសារថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ដែលបានអនុញ្ញាតិឲ្យ នាវា Wesrerndam សំចតកំពង់ផែក្រុងព្រះសីហនុ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ផាទ្រីក មើហ្វី (W. Patrick Murphy) ក៏បបានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ, ក៏ដូចជា ប្រជាជនកម្ពុជាទាំងមូល ដែលបានឆ្លើយតប យ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលយកកប៉ាល់ Westerdam បានចូលចតនៅក្រុងព្រះសីហនុ ។
លោក Orlando Ashford ប្រធានក្រុមហ៊ុន Holland America Line ជាម្ចាស់នាវាទេសចរណ៍វេស្ទើនដាំ (Westerdam) ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និង ប្រជាជនកម្ពុជា ក៏ដូចជាអាជ្ញាធរកម្ពុជាចំពោះសណ្តានចិត្ត ដ៏ល្អប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ ពិនិត្យជំងឺជូនដល់អ្នកដំណើរទាំងអស់ ជាពិសេសទៀតនោះអនុញ្ញាតឲ្យកប៉ាល់ចុះចតនៅខេត្តព្រះសីហនុ៕ ដោយ វណ្ណា











