ពិធីចុះហត្ថលេខាលើកិច្ចសន្យា និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឱឡឹកសាច់លឿង និងមាន់សាច់ នៃកម្មវិធី ASPIRE
ភ្នំពេញ ៖ ពិធីចុះហត្ថលេខាលើកិច្ចសន្យា និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឱឡឹកសាច់លឿង និងមាន់សាច់ នៃកម្មវិធីASPIRE ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ។
ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម (បន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់) ឲ្យរីក ចម្រើន ធានាបានសន្តិសុខស្បៀង និងធានាដល់ការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា “ការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ” ហៅកាត់ថា ASPIRE។ ASPIRE បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកជួយសម្របសម្រួល រៀបចំចងក្រងកសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកប្រមូលទិញកសិផល ជាបណ្តុំអាជីវកម្មសរុបមានចំនួន១ ៩២០ មានសមាជិកចំនួន ៦១ ៧៣៥គ្រួសារ នៅទូទាំង ២៤រាជធានី-ខេត្ត។ មិនតែប៉ុណ្ណោះ ASPIRE ក៏បានជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារដើម្បីធ្វើឲ្យបណ្តុំទាំងនោះប្រកបអាជីវកម្មរបស់ខ្លួនពោរពេញទៅដោយវិបុលភាព ប្រសិទ្ធភាពសេដ្ឋកិច្ច ធានាបាននូវនិរន្តរភាពផលិតកម្ម។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគី ឈានដល់ការសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងនាពេលនេះ និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍សង្ខេបរបស់ ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ជានាយកកម្មវិធី អំពីវឌ្ឍនភាពរបស់កម្មវិធី ASPIRE និងដំណើរការនៃការរៀបចំ និងគោលបំណងរបស់កម្មវិធីនាព្រឹកនេះ ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីសមិទ្ធផលយ៉ាងធំធេងដែល ASPIRE សម្រេចបាន ជាពិសេសបានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទ:សហការអនុវត្តកម្មវិធី ចូលរួមផលិតស្បៀង ផ្គត់ផ្គង់ឲ្យទីផ្សារ និងប្រើប្រាស់បន្លែ ដំណាំ មាន់សាច់ ប្រកបដោយសុវត្ថិភាព ចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ រក្សានិរន្តរភាពបរិមាណផ្គត់ផ្គង់ បង្កើនតម្លៃបន្ថែម បង្កើនផលិតភាពផលិតកម្មក្នុងស្រុក និងកាត់ បន្ថយការនាំចូល។ លោកបានបន្តថា ក្រសួងតាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូ បាននិងកំពុងជំរុញ និងលើកទឹកចិត្តឲ្យកសិករខិតខំផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូល ឆ្លើយតបទៅ នឹងតម្រូវការទីផ្សារដែលមាននិន្នាការកើនឡើងនៃការបរិភោគបន្លែ ដំណាំ ត្រី និងសាច់ក្នុងស្រុកប្រកបដោយគុណភាព និងសុវត្ថិភាព។ ជាក់ស្តែង តាមរបាយការណ៍របស់ ASPIRE បង្ហាញថាបច្ចុប្បន្ន មានបណ្តុំអាជីវកម្មចម្រុះចំនួន ១ ៩២០បណ្តុំ និងមានសមាជិកចំនួន ៦១ ៧៣៥ គ្រួសារ នៅទូទាំង ២៤រាជ ធានី-ខេត្ត និងមានសហគមន៍ផលិតបន្លែចំនួន ២៥៩សហគមន៍ និងមានកសិករចំនួន ៤៣២ក្រុម កំពុងផលិតបន្លែសុវត្ថិភាព (របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម)។ ជាមួយគ្នានេះ ក៏មានកសិករពាណិជ្ជករបន្លែ ដំឡូងមី ស្រូវ ស្វាយ ឱឡឹក មាន់ស្រែ និងត្រី ហើយក្រុមហ៊ុនឯកជនមួយចំនួនក៏បាននិងកំពុងចូលរួមជំរុញផលិតកម្មបន្លែសុវត្ថិភាពដោយអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ប្រើប្រាស់ធាតុចូលកសិកម្មជាលក្ខណបច្ចេកទេស។ ស្តែងចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ និងមន្រ្តីកម្មវិធី ប្រធាន/អនុប្រធានមន្រ្តីនៃខេត្តគោលដៅទាំង ២៤ ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ កាលពីថ្ងៃទី១៨ ខែកុម្ភ: និងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ កន្លងមកដោយបានឧបត្ថម្ភថវិកា ជំរុញ លើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសក្រសួងឲ្យខិតខំយកចិត្តទុកដាក់បង្កើនផលិតភាពផលិតកម្មបន្លែ ដំណាំ ត្រី សាច់ក្នុងស្រុកដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ ចំណូល បង្កើតការងារ និងឆក់យកកាលានុវត្តភាពដើម្បីពង្រីកសក្តានុពលផលិតកម្មកសិកម្មឈានទៅកាត់បន្ថយការនាំចូល ក្នុងខណ:ដែលវិស័យមួយចំនួនកំពុងជួបបញ្ហាដោយសារការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ហើយស្តែងចេញពីការខិតខំប្រឹងប្រែងពីគ្រប់ភាគី សមិទ្ធផលដែលយើងកំពុងប្រារព្វនាព្រឹកនេះគឺជាជោគជ័យមួយបន្ថែមទៀតរបស់ក្រសួង ហើយ លោកក៏សូមបែងចែកសមិទ្ធផលនេះ ជូនទៅគ្រប់ភាគីពាក់ព័ន្ធផងដែរ។
ដើម្បីឲ្យភាគីពាក់ព័ន្ធចុះអនុស្សារណៈនៃការយោគយល់គ្នា និងចុះកិច្ចសន្យានាពេលនេះ យកទៅសហការអនុវត្តឲ្យបានល្អត្រឹមត្រូវ ស្នោះត្រង់ ឈរលើស្មារតីសាមគ្គីភាព ស្វែងរកប្រយោជន៍រួម ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួនពាក់ព័ន្ធការអនុវត្តខ្លឹមសារ MOU និងកិច្ចសន្យា ការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ទាន់សម័យ ការរៀបចំចងក្រងបណ្តុំផលិត ការរៀបចំកន្លែងប្រមូលទិញ និងស្តុកកសិផល ការពង្រីកទីផ្សារ ការពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព ផ្តល់ស្លាកសញ្ញា ឬ QR Code ការអនុវត្តកសិកម្មល្អ និងការជួយគាំទ្រ និងផ្សព្វផ្សាយការបរិភោគកសិផលសុវត្ថិភាព។ល។ ដោយ / គ្រី សម្បត្តិ



















