អភិបាលខេត្តបាត់ដំបង បានដាក់ចេញនូវ វិធានការធ្វើឲ្យបាន ប្រមូលឲ្យអស់ មុខសញ្ញាមេខ្យល់ដែលបាននាំពលករចេញចូលឆ្លងដែនខុសច្បាប់និងនាំពលករគេចវេសពីការធ្វើចត្តាឡីស័ក ដើម្បីផ្តន្ទាទោសតាមច្បាប់
ក្នុងកិច្ចប្រជុំដាក់ចេញ នូវវិធានការបន្ទាន់ក្នុងការទប់ស្កាត់ពីការគេចវេសការធ្វើចត្តាឡីស័ក របស់ពលករវិលត្រឡប់ពីថៃ។និង ដោយសារតែមានមេខ្យល់បានឃុបឃិតក្នុងការបង្វែងដានពីការត្រួតពិនិត្យរបស់កងកម្លាំងសមត្ថកិច្ចតាមបណ្តាច្រកនានាក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងបានចុះទៅពិនិត្យមើលសភាពការ នៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិដូង (ឡែម) ក្នុងស្រុកកំរៀង នៅរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ បានដាក់ចេញនូវវិធានការបន្ទាន់ ដល់គ្រប់កងកម្លាំងនិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងការទប់ស្កាត់កុំឲ្យពលករគេចវេសពីការធ្វើចត្តាឡីស័កបាន។ក្នុង នោះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានដាក់ចេញនូវវិធានការមួយចំនួនភ្លាមៗដល់គ្រប់កងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ ក្នុងការរឹតបន្តឹងធ្វើការស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធនិងតាមចាប់ពួកមេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់ដើម្បីផ្តន្ទាទោសតាមច្បាប់។ ហើយក្នុងនោះផងដែរ អាជ្ញាធរស្រុក ត្រូវធ្វើការអប់រំផ្សព្វផ្សាយ នូវ សារសម្លេង របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ដែលពាក់ព័ន្ធក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅតាមមូលដ្ឋាននិងនៅតាមមណ្ឌលចត្តាឡីស័ក ជាដើម។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងនូវការព្រមាន ដោយមិនលើកលែងឲ្យបុគ្គលណាម្នាក់ដែលបានឃុបឃិតជាមួយមេខ្យល់ ក្នុងការប្រព្រឹត្តដោយនាំពលករឲ្យគេចវេសពីការធ្វើចត្តាឡីស័កនោះឡើយ។ជាក់ស្តែងលោក គឹម ពន្លក អតីតអធិការស្រុកកំរៀង ដែលបានប្រព្រឹត្តខុសនីតិវិធី ក្នុងការដោះលែងមេខ្យល់ដែលបាននាំពលករឲ្យគេចវេសពីការធ្វើចត្តាឡីស័ក ត្រូវបានរាជរដ្ឋាភិបាលដកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ នៅព្រលប់ថ្ងៃទី១៥ខែកុម្ភៈនេះ ក្រោយពីរកឃើញកំហុសរបស់លោក គឹម ពន្លក បានប្រព្រឹត្តខុសនីតិវិធី ហ៊ានដោះលែងមេខ្យល់នាំពលករខុសច្បាប់ដោយអនុវត្តស្រេចតែចិត្ត មិនចាត់បញ្ននអនុវត្តនូវនិតិវិធីច្បាប់។ហើយពួកមេខ្យល់ទាំងនោះវាថែមទាំងបំភិតបំភ័យពលករដើម្បីធ្វើការគេចវេសពីការធ្វើចត្តាឡីស័ក ទៅតាមវិធានការសុខាភិបាលនិងការណែនាំរបស់រាជរដ្ឋាភិបាលកន្លងមកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ក្នុងសហគមន៍។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានណែនាំ ដល់អាជ្ញាធរស្រុកពាក់ព័ន្ធទាំងអស់នៅតាមបណ្តាស្រុកទាំង៣រួមមាន៖ ស្រុកកំរៀង ភ្នំព្រឹក និងស្រុកសំពៅលូន ឲ្យបន្តខិតខំហកចិត្តទុកដាក់ ក្នុងការដឹកនាំចាត់តាំងកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋានភូមិសាស្ត្ររបស់ស្រុកខ្លួននីមួយៗ ត្រូវចុះធ្វើជំរឿនរដ្ឋបាលនឹងចុះបញ្ជីឈ្មោះពលរដ្ឋនៅតាមស្រុកជាប់ព្រំដែន ឲ្យបានច្បាស់លាស់ និងមានឯកសារសម្រាប់ពួកគាត់ក្នុងការកំណត់អត្តសញ្ញាណពួកគាត់ទាំងនោះ ឲ្យបានត្រឹមត្រូវពីលំនៅដ្ឋាន ដើម្បីកុំឲ្យមានពលករទើបចេញពីប្រទេសថៃ ហើយមានទីលំនៅ រស់នៅក្នុងស្រុកខេត្តផ្សេង ប្រាប់ពីព័ត៌មានមិនពិត៖ បន្លំថាខ្លួនរស់នៅជាប់ព្រំដែន ដោយគេចវេសពីការមិនធ្វើចត្តាឡីស័ក។ឯកឧត្តម ងួន រតនៈ ក៏បាគូសបញ្ជាក់ដោយសង្កត់ធ្ងន់បន្ថែមថា៖ អាជ្ញាធរខេត្តបាត់ដំបង គ្រោងនឹងជួបប្រជុំជាមួយអាជ្ញាធរខេត្តចាន់បុរី នៃប្រទេសថៃ ដើម្បីបើកកិច្ចប្រជុំពិភាក្សារួមគ្នាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ដោយអាជ្ញាធរខាងកម្ពុជា នឹងស្នើដល់ភាគីថៃ ជួយជម្រុញឲ្យរថយន្តដឹកពលករដែល មកពីបណ្តាខេត្តនានាក្នុងប្រទេសថៃ សូមសមត្ថកិច្ចថៃជួយជម្រុញការដឹកពលករទាំងនោះ ឲ្យចូលនៅតាមច្រកតែមួយ ដើម្បីខាងកម្ពុជា ងាយស្រួលក្នុងការគ្រប់គ្រងបងប្អូនពលករនិងនាំយកពួកគាត់ទៅកាន់មណ្ឌលចត្តាឡីស័កដើម្បីពិនិត្យ និង ធ្វើតេស្តយកវត្ថុសំណាកពិនិត្យរកមេរោគកូវីដ-19 ។
គួរបញ្ជាក់ថា ចាប់ពីមានការផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ-19ក្នុងសហគមន៍តាមខេត្តមួយចំនួននៅប្រទេសថៃ និងពេលជិតដល់រដូវបុណ្យចូលឆ្មាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបានធ្វើឲ្យលំហូរពលករ ឆ្លងដែនពីប្រទេសថៃ តាមច្រកនានា របស់ខេត្តបាត់ដំបង បានកើនឡើងជាបន្តបន្ទាប់និងកំពុងដាក់ឲ្យធ្វើចត្តាឡីស័កជាង ២.០០០នាក់។ក្នុងខណៈដែលអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនមេខ្យល់ដែលនាំពលករឆ្លងដែនខុសច្បាប់ បានជាបន្តបន្ទាប់ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងតែបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាពួកមេខ្យល់ដើម្បីយកមកធ្វើការអប់រំ។និងមេខ្យល់ពាក់ព័ន្ធនិងបទល្មើសជាក់ស្តែងមួយចំនួនទៀតនិងឈានដល់ការឃាត់ខ្លួនក្នុងករណីពាក់ព័ន្ធនិងបទល្មើសជាក់ស្តែងកន្លងមក៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )



























