មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ ស្ថិតក្នុងឃុំសំបូរមាស ស្រុកមុខកំពូល

កណ្តាល÷ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីរ ដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ចូលរួមសហការ និងបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ដែលត្រូវចុះវាសវែងផ្ទាល់ ក្នុងឃុំសំបួរមាស ពីព្រោះវាជាការចាំបាច់ណាស់ដែលបងប្អូនប្រជាពលរដ្ឋម្ចាស់ដី ត្រូវតែអញ្ជើញចូលរួមតាមការអញ្ជើញ និងការជូនដំណឹងរបស់ក្រុមការងារ ក្នុងការចង្អុលបង្ហាញទីតាំងដី ព្រំដី និងផ្ដល់ព័ត៌មាន ឯកសារផ្សេងៗ តាមនីតិវិធីដែលបានកំណត់ ដើម្បីឱ្យក្រុមការងារនេះអាចដំណើរការបានល្អ និងឆាប់រហ័សក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនប្រជាពលរដ្ឋ។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ភូមិចំនួន៧ រួមមាន÷ ភូមិអន្លង់ស្លែង ភូមិជ្រៃមួយរយ ភូមិអំពិលទឹក ភូមិពោង ភូមិព្រែកឬស្សី ភូមិក្រោលគោ និងភូមិពាម ស្ថិតក្នុងឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២១។ លោក ទៀង កុស្យារៈ បានបញ្ជាក់ថា នេះគឺជាលើកទី៤ហើយដែលក្រុមការងារបានប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងឃុំសំបួរមាស។

លោកបានបន្តថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺជាកម្មវិធីថ្មីដែលមានលក្ខណៈ ហ្មត់ចត់ច្បាស់លាស់ និងប្រើបច្ចេកទេសទំនើប និងមាន៥ដំណាក់កាលគឺ÷ ដំណាក់កាលទី១ ប្រកាសដំបន់វិនិច្ឆ័យ និងបង្កើតគណៈកម្មការរដ្ឋបាល, ដំណាក់កាលទី២ ចុះវាស់វែង និងប្រមូលទិន្នន័យ, ដំណាក់កាលទី៣ បិទផ្សាយទិន្នន័យជាសាធារណៈរយៈពេល១៥ថ្ងៃ រាប់បញ្ចូលទាំងថ្ងៃបុណ្យទាន និងថ្ងៃសៅរ៍ អាទិត្យផងដែរ, ដំណាក់កាលទី៤ ប្រធានគណៈកម្មការរដ្ឋបាល ក៏ដូចជាអភិបាលខេត្ត ពិនិត្យ និងស្នើសុំចេញប័ណ្ណកម្មសិទ្ធិ និងដំណាក់កាលទី៥ ចែកប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner