អង្គការសុខភាពពិភពលោក WHO អនុម័តអោយប្រើវ៉ាក់សាំង Covid-19 របស់ Oxford / AstraZeneca ក្នុងករណីបន្ទាន់
ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) បានចុះបញ្ជីវ៉ាក់សាំង Covid-19 ដែលបង្កើតដោយសកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca សម្រាប់ការប្រើប្រាស់ក្នុងករណីបន្ទាន់ ដើម្បីពង្រីកលទ្ធភាពទទួលបាននូវការចាក់វ៉ាក់សាំងដែលមានតម្លៃថោកនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ឥឡូវនេះ យើងមានចំណែកទាំងអស់សម្រាប់ចែកចាយវ៉ាក់សាំង ប៉ុន្តែយើងនៅតែត្រូវការពង្រីកផលិតកម្ម ។ លោកបន្ថែមថា យើងបន្តអំពាវនាវដល់អ្នកអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ ត្រូវបញ្ជូនសំណុំឯកសាររបស់ពួកគេទៅកាន់ WHO ដើម្បីពិនិត្យនៅពេលតែមួយ ដូចដែលពួកគេបញ្ជូនទៅឲ្យនិយ័តករនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ។
សូមជម្រាថា ការពិនិត្យរបស់ WHO បានរកឃើញថា វ៉ាក់សាំង AstraZeneca បានបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់សុវត្ថិភាព ហើយអត្ថប្រយោជន៍ប្រសិទ្ធភាពរបស់វាមានលើសពីហានិភ័យ ។ វ៉ាក់សាំង Oxford-AstraZeneca ត្រូវបានគេសរសើរដោយសារតែវាមានតម្លៃថោកជាង ហើយអាចទុកនៅសីតុណ្ហភាពទូរទឹកកកធម្មតាបាន ៕ ប្រភព៖ Reuters

