អគារផ្នែកសម្ភព និងថែទាំងទារកតម្លៃជាង១លានដុល្លារ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការ

អគារផ្នែកសម្ភព និងថែទាំងទារកនោះជាអំណោយរបស់ប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិ KOFIH ត្រូវបានសម្ពោធដាក់ឱ្យប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៦កុម្ភៈឆ្នាំ២០២១ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ពិធីនោះ ក៏មានការអញ្ជើញចូលរួមពី លោក Yun Hyuncheol តំណាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា, លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រី រាជការ, លោកគ្រូ អ្នកគ្រូពេទ្យ, ក្រុមយុវជន និងសិស្សានុសិស្សជាច្រើនទៀត។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានខិតខំពុះពារគ្រប់ឧបសគ្គ បង្ការ និងទប់ស្កាត់ឱ្យខាងតែបាន ចំពោះការរីលរាលដាលជំងឺកូវីដ-១៩ កុំឱ្យចូលទៅដល់សហគមន៍។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល ក៏បានខិតខំអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យសុខាភិបាល ក៏បានរីកដុះដាល តាំងពីថ្នាក់កណ្តាលដល់ទីប្រជុំជន រហូតដល់ជនបទដាច់ស្រយាល ធ្វើឱ្យប្រជាពលរដ្ឋយើង អាចមកទទួលសេវាសុខាភិបាលនៅគ្រប់ទីកន្លែង។ ជាក់ស្តែងការសម្ភោធដាក់ឱ្យដំណើរការ អគារផ្នែកសម្ភព និងថែទាំងទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នេះ គឺជាការគិតគូរមួយទៀត របស់រាជរដ្ឋាភិបាល ទៅលើសុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសុវត្ថិភាពរបស់មាតា និងទារក ដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា។

លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង ក៏បានកោតសរសើរដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បម្រើសេវាសុខភាព ជូនប្រជាពលរដ្ឋមិនខ្លាចនឿយហត់ និងសូមឱ្យបន្តកាយវិការដ៏ល្អប្រពៃនេះ ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីរួមចំណែកក្នុងការអនុវត្តកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រី បុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋទាំងអស់ ឲ្យជួយថែទាំអគារផ្នែកសម្ភព និងថែទាំងទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ថ្មីនេះ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីជាគុណប្រយោជន៍ ដល់ប្រជាជនគ្រប់ៗរូប។

សូមបញ្ជាក់ថា អគារផ្នែកសម្ភព និងថែទាំងទារក នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់នោះ ជាអំណោយរបស់ប្រជាជនសាធារណរដ្ឋកូរ៉េ ជូនចំពោះប្រជាជនកម្ពុជា តាមរយៈមូលនិធិ KOFIH (Korea Foundation for International Health Care)។ អគារនោះចាប់ផ្តើមសាងសង់ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ និងបញ្ចប់កាសាងសង់ នៅខែកញ្ញា ឆ្នាំ២០២០ នៅលើផ្ទៃដី ៣៩x១៦ម៉ែត្រ កម្ពស់២ជាន់ ដែលចំណាយថវិកា សរុបចំនួន១លាន២សែន២ម៉ឺន៩ពាន់៥៣៧ដុល្លារអាមេរិក៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner