ពិភពលោកកើនបំណុលសរុបប្រមាណជា 24 ទ្រីលានដុល្លារកាលពីឆ្នាំ2020
បរទេស៖ ក្រោមការសិក្សាស្រាវជ្រាវចុងក្រោយមួយបានបង្ហាញថា បញ្ហារាតត្បាតនៃកូវីដបានធ្វើឲ្យពិភពលោក កើនឡើងនូវប្រាក់បំណុលសរុបដល់ទៅ 24 ទ្រីលានដុល្លារកាលពីឆ្នាំ2020 មានន័យថាទំហំប្រាក់បំណុលសរុបរបស់ពិភពលោកគឺបានកើនឡើងទៅដល់ 281 ទ្រីលានដុល្លារពោលស្ថិតនៅក្នុងអត្រា 355 ភាគរយដោយការធៀបគ្នារវាងបំណុលទៅនឹងGDP នៃប្រទេសនីមួយៗ។
ការព្យាករណ៍ និងគណនាដោយវិទ្យាស្ថានអន្តរជាតិនៃហិរញ្ញវត្ថុ IIF ទៅលើបំណុលជាសកលបានបង្ហាញទៀតថា ក្នុងទំហំសរុបនៃបំណុលកាលពីឆ្នាំកន្លងទៅនេះក្នុងនោះមានប្រមាណជាពាក់កណ្តាលគឺជាលុយដែលត្រូវបានយកទៅប្រើប្រាស់នៅក្នុងកម្មវិធីជំនួយរបស់រដ្ឋាភិបាលខណៈដែលបំណុលរបស់ក្រុមហ៊ុនសហគ្រាសទាំងឡាយជាបំណុលដោយធនាគារមានទំហំប្រមាណ10ទ្រីលានដុល្លារ។
កម្រិតនៃបំណុលត្រូវបានគេរំពឹងទុកថា នឹងនៅតែបន្តមានកំណើនខ្លាំងជាងគ្រាមុនកូវីដដដែលសម្រាប់បណ្តាប្រទេសទាំងអស់នៅក្នុងឆ្នាំ2021 ប៉ុន្តែដោយមានការគាំទ្រតាមរយៈការប្រាក់ទាបពាណិជ្ជកម្មទាំងឡាយអាចចាប់ផ្តើមដំណើរការឡើងវិញខ្លះៗ ហើយសង្ឃឹមថានឹងជួយរុញ GDP ឲ្យកើនឡើងវិញ។
របាយការណ៍របស់ IIF ដដែលបានសរសេរទៀតថា៖បំណុលដោយរដ្ឋាភិបាលនឹងបន្តកើនឡើងប្រមាណជា 10 ទ្រីលានដុល្លារទៀតសម្រាប់ឆ្នាំនេះដែលវានឹងធ្វើឲ្យបំណុលសរុបជាសកលដោយរដ្ឋាភិបាលកើនមានរហូតទៅដល់ 92 ទ្រីលានដុល្លារ។ IIF ក៏បានព្រមានដែរថាស្ថានភាពនយោបាយ និងសំពាធរបស់សង្គមនឹងអាចក្លាយជាឧបសគ្គសម្រាប់រដ្ឋាភិបាលក្នុងការកាត់បន្ថយឱនភាពនៃបំណុល ជាពិសេសនឹងធ្វើឲ្យសមត្ថភាពរបស់ពួកគេចុះខ្សោយក្នុងការប្រឈមមុខទៅនឹងវិបត្តិនាពេលអនាគត។
ប្រទេសដែលត្រូវបានគេមើលឃើញថាមានបំណុលខ្លាំងជាងគេរួមមានដូចជាប្រទេសក្រិក ប្រទេសអេស្បាញ ប្រទេសអង់គ្លេស និងប្រទេសកាណាដា ដោយឡែកក្នុងចំណោមបណ្តាប្រទេសជាសមាជិករបស់ IIF ទាំង 61 គេអាចមើលឃើញថាមានតែប្រទេសស្វីសមួយប៉ុណ្ណោះដែលមានអត្រាកម្ចីធ្លាក់ចុះ។
ដោយឡែកនៅក្នុងចំណោមប្រទេសដែលមានទីផ្សារកំពុងរីកលូតលាស់ខ្លាំងវិញដោយមិនរាប់បញ្ចូលកម្ចីពីធនាគារនោះមានដូចជាប្រទេសចិន តួកគី កូរ៉េ និងសហភាពអារ៉ាប់ ៕