កងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះក្នុងតម្លៃណាត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាព និងប្រឆាំងដាច់ខាតបដិវត្តន៍

កំពង់ស្ពឺ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ថ្លែងថា កងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ហើយទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានរឹងមាំ នូវសន្តិភាព និងប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ ការពារប្រជាពលរដ្ឋ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និង ការពាររដ្ឋធម្មនុញ្ញ សំដៅប្រមូលផ្តុំនូវសក្តានុពលទាំងឡាយ ដើម្បីការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិទ្យាស្ថានកងទ័ពជើងគោក។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន​​​ ថ្លែងថា «អ្វីៗទាំងអស់ គឺត្រូវចាប់ផ្តើមពីសន្តិភាពមុនគេ ដែលយើងត្រូវបានចំណាយកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពុះពារគ្រប់ឧបសគ្គ រហូតហ៊ានពលីជីវិត ដើម្បីបុព្វហេតុសន្តិភាព។ ក្នុងន័យនេះ កងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឲ្យបានរឹងមាំនូវសន្តិភាព និងប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌»

កម្មវិធីហ្វឹកហ្វឺននិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ មានចំនួនសរុប ២៣៦ នាក់ ក្នុងនោះមាននិស្សិតនារី ៤០ នាក់ ដោយត្រូវធ្វើការហ្វឹកហ្វឺនជាក់ស្ដែងរយៈពេល៤ឆ្នាំ។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានប្រសិទ្ធិនាមវគ្គនាយទាហានទ័ពជើងគោកជំនាន់ទី៩ ជាជំនាន់ «តេជោសន្តិភាព កម្ពុជា-ចិន»។ នាយឧត្ដមសេនីយ៍ វង្ស ពិសេន សម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះលទ្ធផលដែលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ សម្រេចបាននៅក្នុងការខិតខំរៀនសូត្រ ព្រមទាំងបានផ្តាំផ្ញើនិស្សិតនាយទាហានទាំងអស់ ត្រូវបន្តការសិក្សារៀនសូត្រតាមគ្រប់រូបភាព ដូចជាតាមប្រព័ន្ធអ៊ីនធើណេត និងបច្ចេកវិទ្យាទំនើប មានន័យថា «រៀនហើយរៀនទៀត រៀនគ្មានទីបញ្ចប់ រៀនដើម្បីចេះ មិនមែនរៀនដើម្បីចប់» និងមានសេចក្តីអំណត់ តស៊ូព្យាយាម ដើម្បីសម្រេចបានជោគជ័យក្នុងការងារ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner