រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សា ទៅលើសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា

ភ្នំពេញ៖ គណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុករៀបចំសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និង សេចក្ដីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល បានបើកកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុករៀបចំសេចក្ដី ព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ។

ស្របតាមស្មារតីនៃចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងការចង្អុលបង្ហាញនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤, ក្រប ខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលត្រូវបានគិតគូរប្រកបដោយភាពគ្រប់ ជ្រុងជ្រោយ និងប្រាកដនិយមខ្ពស់ នឹងក្លាយជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់ក្នុងការធ្វើបរិវត្ដកម្មឌីជីថល ។ ម្យ៉ាងទៀត ក្របខណ្ឌគោលនយោបាយនេះ ត្រូវបានរៀបចំឡើងដោយមានភាពឆ្លើយតបខ្ពស់ ទៅនឹងនិន្នាការសកល នៃបដិវត្តន៍ ឧស្សាហកម្ម ៤.០ ក៏ដូចជាបរិវត្តកម្មឌីជីថល ដែលបាននិងកំពុងធ្វើឱ្យនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោក និងតំបន់ មានការវិវឌ្ឍឥតឈប់ឈរ ជាពិសេសក្នុងបរិការណ៍ដែលចាប់តាំងពីឆ្នាំ២០២០មក, បទពិសោធន៍ និងមេរៀន នៃវិបត្តិជំងឺកូវីដ-១៩ បានបង្ហាញអំពីសក្ដានុពលកាន់ តែសំខាន់នៃបរិវត្តកម្ម ឌីជីថល ក្នុងការជំរុញការអភិវឌ្ឍ និង កំណើនសេដ្ឋកិច្ច ។

ក្របខណ្ឌគោលនយោបាយនេះ កំណត់នូវចក្ខុវិស័យក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការ រៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងប្រជាជន និងទាំង ធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីថ្មី ដោយផ្តោតលើអាទិភាព៥ធំៗ ក្នុងនោះរួមមាន៖ ១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ២. ការកសាងទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល, ៣. ការកសាងពលរដ្ឋឌីជីថល, ៤. ការកសាងរដ្ឋាភិបាលឌីជីថល និង ៥. ការជំរុញធុរកិច្ចឌីជីថល ។

ជាមួយគ្នានេះ អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារអន្តរក្រសួង ដែលបានបំពេញការងារ ប្រកបដោយកិច្ច សហការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំចងក្រងសេចក្តីព្រាងក្របខណ្ឌគោលនយោបាយនេះឡើង ។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានអង្គប្រជុំ បានណែនាំដល់ក្រុមការងារ ធ្វើការកែសម្រួលឯកសារនេះ តាមស្មារតី និងមតិយោបល់របស់អង្គប្រជុំ ដើម្បីនីតិវិធីអនុម័តឯកសារនេះ ក្នុងពេលឆាប់ៗខាងមុខ ៕ ដោយលោក វ៉េង លីមហួត និងវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner