Reddit លុបចោលមាតិកាលើបណ្តាញសង្គមរបស់ខ្លួនជាង230 លាន
បរទេស៖ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយដែលត្រូវបានបង្ហាញដោយបណ្តាញសង្គម Reddit អាចឲ្យយើងមើលឃើញថាមាតិកា និងការបង្ហោះប្រមាណជា 233 លានត្រូវបានសម្រេចលុបចោលកាលពីឆ្នាំ2020។
របាយការណ៍ដដែលបានបង្ហាញទៀតថាក្នុងចំណោមការបង្ហោះ និងមាតិកាសរុបប្រមាណជា 3.4 លានដែលត្រូវបានធ្វើឡើងកាលពីឆ្នាំទៅមានន័យថាមាតិកាព័ត៌មាន 6 ភាគរយត្រូវបានលប់ចោលហើយដោយសារតែវាត្រូវបានរកឃើញថាសុទ្ធតែជាប្រភេទមាតិកា spam (ឥតបានការ)។
99 ភាគរយដែលជាមាតិកាឥតបានការ ឬ spam និងមាតិកាផ្សេងទៀតដែលត្រូវបានលុបចោលគឺសុទ្ធតែជាមាតិកាដែលមានទំរង់ជាការប្រមាថអំពីហិង្សា និងការស្អប់ខ្ពើមគ្នា ឬមានភាពអាសអាភាស។ចំនួនមាតិកាដែលត្រូវបានលុបចោលកាលពីឆ្នាំ2020 នោះផងដែរក៏ត្រូវបានគេដឹងថាមានអត្រាកើនឡើងជាងកាលពីឆ្នាំ2019 ដល់ទៅ 30 ភាគរយ។
ក្នុងចំណោមមាតិកាទាំង 233 លាននោះគេបានដឹងដែរថា 131 លានមាតិកាគឺត្រូវបានលុបចោលដោយស្វ័យប្រវត្តិតាមរយៈម៉ាស៊ីនស្វ័យប្រវត្តិរបស់ Reddit ដោយឡែកមាតិកាផ្សេងទៀតដែលត្រូវបានលុបចោលនោះគឺត្រូវបានធ្វើឡើងដោយក្រុមការងារគ្រប់គ្រងបណ្តាញសង្គមជាមនុស្ស។
ពាក់ព័ន្ធទៅនឹងឯកជនភាពវិញ Reddit បានបញ្ជាក់ថាកាលពីឆ្នាំកន្លងទៅថា ខ្លួនបានទទួលការស្នើសុំពីអង្គភាពរដ្ឋាភិបាលមកពីបណ្តាប្រទេសនានាចំនួន 611 ក្នុងការសុំប្រមូលយកទិន្នន័យនៃបុគ្គលមួយចំនួន ប៉ុន្តែក្នងនោះ Reddit បានយល់ព្រមប្រគល់ឲ្យតែត្រឹម 424 សំណើរប៉ុណ្ណោះដែលភាគច្រើនគឺពាក់ព័ន្ធទៅនឹងសាលដិកាចេញពីសាលក្រមតុលាការ។
គួរឲ្យដឹងដែរថា Reddit គឺជាបណ្តាញសង្គមដ៏ពេញនិយមមួយផងដែរនៅក្នុងតំបន់អ៊ឺរ៉ុប។ Reddit គឺជាទីកន្លែងប្រមូលព័ត៌មានសង្គមការវាយតំលៃមាតិកាគេហទំព័រ និងគេហទំព័រពិភាក្សា។ សមាជិកដែលបានចុះឈ្មោះបញ្ជូនមាតិកាទៅគេហទំព័រដូចជាតំណភ្ជាប់អត្ថបទ និងរូបភាពដែលបន្ទាប់មកត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិកដទៃទៀត៕