កិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង បានបង្ហាញពីបញ្ហាប្រឈមចំពោះមុខចំនួន៤ចំណុច ក្នុងខែមករា២០២១ កន្លងមក
នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង ដែលមានវត្តមានកូរ៉ុម របស់ខ្លួនចំនួន២៣រូបក្នុងចំណោមសមាជិកទាំង២៧រូបនិងវត្តមានគណៈអភិបាល-អភិបាលរងខេត្ត ចំនួន៤រូប ក្នុងចំណោម៧រូប រួមនិងសមាសភាព មកពីគ្រប់ស្ថាប័នមន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត ច្រើនរូបទៀត។ ក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី១៨ខែកុម្ភៈនេះ បានប្រព្រឹត្តទៅក្រោមវត្តមានជាអធិបតីពី ឯកឧត្តម អេ សារ៉ុម ជាប្រធានស្តីទីដឹកនាំកិច្ចប្រជុំនិងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង។
តាមរយៈសេចក្តីព្រាង នៃរបាយការណ៍សង្ខេបស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបងប្រចាំខែមករាឆ្នាំ២០២១កន្លងមកនេះ ក្រៅពីលទ្ធផលដែលសម្រេចបានលើការងារគករប់គ្រងរដ្ឋបាលខេត្ត។ក្នុងនោះ របាយការណ៍ក៏បានបង្ហាញអំពីបញ្ហាប្រឈមនានានៅក្នុងការអនុវត្តការងាររយៈពេលមួយខែមកនេះ ក្នុងនោះរដ្ឋបាលខេត្តនិងបណ្តាមន្ទីរអង្គភាពជំនាញជុំវិញខេត្ត បានជួបប្រទះនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា៖. បញ្ហាប្រជាកសិករ និងឈ្មួញ នៅមិនទាន់យល់អំពីការអនុវត្តផលិតកម្មតាមកិច្ចសន្យា ដែលជាហេតុពិបាកដល់ការអនុវត្ត។ . ការធ្វើបញ្ជីសារពើភណ្ឌ ឆ្នាំគោល២០១៩របស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅមានភាពយឺតយ៉ាវ។ . បញ្ហាប្រព័ន្ធលូក្នុងក្រុង ជាប្រព័ន្ធលូ ចាស់ទ្រុឌទ្រោម។ . បញ្ហាសាលាចំនួន៧នៅស្រុកកំរៀង សំពៅលូននិងស្រុកភ្នំព្រឹក នៅមិនទាន់បើកឲ្យដំណើរការរៀនសូត្រឡើងវិញនៅឡើយ។
សូមបញ្ជាក់ថា៖ក្នុងសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្តបាត់ដំបង អាណត្តិទី៣ ដែលបានធ្វើឡើងនៅក្នុងប្រធានបទសំខាន់ៗ ក្នុងនោះរួមមាន៖ ការអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ខ្លួន។ ពិនិត្យនិងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០របស់ខ្លួន កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២១កន្លងទៅ។ ស្តាប់របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារប្រចាំខែមករា។ ស្តាប់របាយការណ៍ និង ផ្តល់អនុសាសន៍អំពីការិយាល័យប្រជាពលរដ្ឋខេត្ត។ ពិនិត្យ ពិភាក្សា និងធ្វើសេចក្តីសម្រេច និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមករាឆ្នាំ២០២១ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រជុំនេះផងដែរឯកឧត្តម ហម មុនីសមាជិកក្រុមប្រឹក្សាខេត្ត ក៏បានស្នើសុំដកចេញនូវរបាយការណ៍ ស្តីពីការលួចបើកល្បែងបៀ និង អាប៉ោង ដែលមានម្ចាស់ឈ្មោះ អួន តាល់ ស្ថិតនៅភូមិកាប់គោ សង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង ពីប្រធានកិច្ចប្រជុំដោយមិនត្រូវលើកយកមកពិភាក្សា។ហើយក្នុងនោះក៏មានការអនុម័តដកចេញពីរបៀបវារៈកិច្ចប្រជុំ ដោយអនុម័ត២៣សម្លេង លើ២៣សម្លេងវត្តមាននៃកូរ៉ុមប្រជុំ។ ដោយបានជំរុញរបៀបវារៈមួយនេះទៅគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តបាត់ដំបង ដើម្បីមានចំណាត់ការបន្ត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )