សួនផ្កាកូស្មូនៅរង្វង់មូលក្នុងស្រុកបន្ទាយស្រី កំពុងទាក់ទាញចំណាប់អារម្មណ៍របស់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលធ្វើដំណើរឆ្លងកាត់
សួនផ្កាកូស្មូដែលស្ថិតនៅលើរង្វង់មូលស្រុកបន្ទាយស្រី ក្នុងខេត្តសៀមរាប កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ នៅក្នុងខេត្តសៀមរាប និងតាមបណ្ដាខេត្តផ្សេងៗ ដែលបានធ្វើដំណើរឆ្លងកាត់រង្វង់មូលនេះ ដើម្បីទៅទស្សនារមណីយដ្ឋានភ្នំគូលែន , ទៅកាន់ស្រុកអន្លង់វែង និងប្រាសាទព្រះវិហារ ។
ក្នុងឱកាសនៃការចូលទស្សនាកម្សាន្តសួនផ្កានេះ លោកស្រី អន ហុង ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានសម្ដែងនូវការពេញចិត្តចំពោះភាពស្រស់ស្អាតរបស់ផ្កានៅនឹងរង្វង់មូល ពិសេសបានសម្ដែងនូវការកោតសរសើរចំពោះភាពឆ្លាតវៃដែលមានគំនិតរៀបចំដាំផ្កាក្នុងតំបន់នេះ និងសំណូមពរដល់អ្នកដែលមកចូលកម្សាន្តសូមជួយថែរក្សាដើមផ្កាទាំងអស់នេះ រួមទាំងបរិស្ថានផងដែរ ។
ពាក់ព័ន្ធទៅនឹងសួនផ្កានៅរង្វង់មូលនេះដែរ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាស្រី បានមានប្រសាសន៍ថា ការរៀបចំជាសួនផ្កានៅទីនេះ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពរបស់ស្រុកផង និង លើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកផង ព្រោះថារង្វង់មូលនេះ ក្រោយពីធ្វើរួចមក ត្រូវបានគេទុកចោល មិនបានរៀបចំអភិវឌ្ឍន៍អ្វីនោះទេ ដែលធ្វើឲ្យទីនេះបានក្លាយទៅជាកន្លែងចោលសំរាម និង កន្លែងចងគោទុកឲ្យស៊ីស្មៅ ។
លោកអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់បន្ថែមថា ក្នុងកំឡុងខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរស្រុកបានចាប់ផ្ដើមធ្វើការរៀបចំកែលម្អរង្វង់មូលនេះ ឲ្យក្លាយជាសួនផ្ការង់ចាំភ្ញៀវទេសចរ ដោយព្រោះគ្រាប់ផ្កាកូស្មូ ដែលជាប្រភេទផ្កានាំចូលពីក្រៅប្រទេស វាមានអាយុ២ខែសម្រាប់ការលូតលាស់បញ្ចេញផ្កាពណ៌ចម្រុះ និងអាយុកាលនៃការបញ្ចេញសម្រស់របស់វា មានរយៈពេល១ខែ ដែលនៅខែកុម្ភៈ ឆ្នាំ២០២១ ផ្កាកូស្មូនេះ បានចាប់ផ្ដើមបញ្ចេញផ្កាពណ៌ចម្រុះ ដូច្នេះ ពេលនេះ មានភ្ញៀវទេសចរណ៍បានទៅទស្សនា ដើម្បីផ្ដិតយករូបភាពស្អាតៗនោះប្រមាណជាង១ម៉ឺននាក់ហើយ ។ ប្រភពៈមន្ទីរព័ត៌មានខេត្តសៀមរាប