សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាចង់កែប្រែឲ្យការបាញ់បោះដោយសិរី មកជាការបាញ់បោះ បង្ហាញនូវទេពកោសល្យបែបកីឡាវិញ
ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានអះអាង សហព័ន្ធ នឹងជម្រុញអភិវឌ្ឍឲ្យការបាញ់ដែលធ្លាប់ជាពាក្យអវិជ្ជមានគេគ្រប់គ្នាខ្លាចញញើតកែប្រែទៅជាកីឡាបាញ់កាំភ្លើងបង្ហាញនូវទេពកោសល្យថ្វីដៃក្នុងការចូលរួមចំណែកការការពារសន្តិសុខសុវត្ថិភាពសង្គម និងជាកីឡាករប្រកួតតំណាងឲ្យជាតិនៅលើឆាកអន្តរជាតិ។
ឯកឧត្តម មៀច សុផាន់ណា បានថ្លែងលើកឡើងបែបនេះ ក្នុងពិធីបិទការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នៅបញ្ជាការដ្ឋានទ័ពពិសេសឆ័ត្រយោង៩១១ កាលពីចុងសប្តាហ៍។
ឯកឧត្តម ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង បានអំពាវនាវឲ្យអ្នកដែលចូលចិត្តបាញ់កាំភ្លើង និងមានកាំភ្លើងល្អៗបើពូកែមែនទែនមកចូលរួមជាមួយសហព័ន្ធបាញ់កាំភ្លើងកម្ពុជា ដើម្បីបញ្ចេញនូវទេពកោសល្យបែបកីឡា កុំទៅបាញ់បោះសំឡុតកំរៀមកំហែងប្រជាពលរដ្ឋ ប្រពន្ធឬម៉ែក្មេកឳពុក្មេកនាំអន្តរានិងបង្កគ្រោះថ្នាក់ដល់ខ្លួន។ដូច្នោះនេះជាឱកាសពិតប្រកដដែលយើងត្រូវបង្ហាញថ្វីដៃ និងស្នាដៃ។
ឯកឧត្តម ប្រធានបានសូមណូមពរឲ្យកីឡាករ កីឡាការិនី ដែលតំណាងឲ្យស្ថាប័នមានសមត្ថកិច្ចប្រឹងប្រែងចាប់យកជំនាញនេះឲ្យពិតប្រកដ ព្រោះសហព័ន្ធបានកំពុងធ្វើការយ៉ាងខ្លាំងលើកិច្ចការអភិវឌ្ឍ និងជម្រុញដើរឲ្យទាន់ប្រទេសនៅក្នុងតំបន់។
ឯកឧត្តម ក៍បានអំពាវនាវឲ្យកីឡាករកីឡាការិនីយកចិត្តទុកដាក់ចំពោះកាយសប្បទា សុខភាពផ្លូវចិត្ត និងផ្លូវបញ្ញា ដើម្បីភាពរឹងមាំមិនចាញ់ច្រាបគូប្រជែងនៅលើឆាកអន្តរជាតិ។ សូមបញ្ជាក់ថា កីឡាករការិនីដែលចូលរួមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០មាន៤០នាក់មកពី៧អង្គភាព ធ្វើការប្រកួតលើ៣វិញ្ញាសា ហើយកីឡាករការិនីដែលមានចំណាត់ថ្នាកលេខល្អ សហព័ន្ធនឹងជម្រើសរើស២០នាក់ ជាប់ជាកីឡាជម្រើសជាតិត្រៀមស៊ីហ្គេមនៅវៀតណាម និងស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់៕