សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរតាមច្រកព្រំដែនជួយសម្រួលដល់ការដឹកជញ្ជូនទំនិញពាណិជ្ជកម្មរវាងពលរដ្ឋកម្ពុជា និងប្រទេសជិតខាង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបទបញ្ជាបន្ទាន់ដល់បណ្តាអាជ្ញាធរនៅតាមព្រំដែន ត្រូវជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជាដែលជាអាជីវករ និងពាណិជ្ជករក្នុងការដឹកទំនិញចេញទៅប្រទេសជិតខាងជៀសវាងធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងខាតបង់ប្រយោជន៍ចំពោះសេដ្ឋកិច្ចកម្ពុជាបន្ថែមពីលើបញ្ហាកូវីដ19 ដែលកំពុងកើតមាន។

សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2021នេះបានមានប្រសាសន៍ថា «ខ្ញុំសុំឱ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកនូវបទបញ្ជានេះចេញវិញដើម្បីសម្រួលឱ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា ហើយមិនត្រឹមតែរកស៊ីធម្មតានោះទេ ខែនេះជាខែប្រមូលផលត្រូវខិតខំឱ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើនកាន់តែល្អ មិនអាចឱ្យខាងថៃដឹកទំនិញចូលមកក្នុងប្រេសយើងបាន ប៉ុន្តែមិនឱ្យប្រជានខ្មែរយើងដឹកទំនិញចេញទៅប្រទេសថៃ។ ជាមួយវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពាណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា។ ខ្ញុំសុំឱ្យបណ្តាខេត្តនៅតាមព្រំដែនទាំងអស់យកចិត្តទុកដាក់ការទទួលខុសត្រូវដើម្បីនឹងចាត់វិធានការធ្វើយ៉ាងណាឱ្យប្រជាជននៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការជួយសម្រួលពីអាជ្ញាធររបស់យើងផង»។

សម្ដេចថា កូវីដវាបានបំផ្លាញយើងហើយ មិនអាចឱ្យមានការបំផ្លាញខាងផ្នែកសេដ្ឋកិច្ចបន្ថែមទៀតទេ ខ្ញុំសុំស្នើឱ្យសម្ដេចក្រឡាហោម បញ្ជាក់ឱ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោរប្រវេសន៍បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ សូមឱ្យដកថយនូវបទបញ្ជានេះវិញ ព្រោះថាទំនិញវាអត់មានជំងឺកូវីដទេ ទំនិញយើងដឹកចូលទៅប្រទេសថៃ ឬដឹកទៅវៀតណាម ឬវៀតណាមដឹកមកកម្ពុជា ថៃដឹកមកកម្ពុជា វាអត់មានជំងឺកូវីដនៅនឹងទំនិញនោះទេ បញ្ហាសំខាន់របស់យើង គឺយើងខិតខំពង្រឹងគ្រប់គ្រងការធ្វើចត្តាឡីស័កតែប៉ុណ្ណោះ ចឹងទេ សូមឱ្យយកចិត្តទុកដាក់ទៅលើការពង្រឹងនូវការធ្វើចត្តាឡីស័កប្រជាពលរដ្ឋ ប៉ុន្តែត្រូវបង្កលក្ខណៈសម្បត្តិឱ្យប្រជាពលរដ្ឋបានទទួលការរកស៊ីនៅតាមព្រំដែនកាន់តែធំទៅៗ ព្រោះការរកស៊ីរបស់យើងក៏ត្រូវពឹងពាក់ទៅលើទីផ្សារជិតខាង ហើយខាងមិត្តជិតខាងក៏មានការពឹងពាក់នាំមកកាន់យើងក៏ច្រើន ដូច្នេះសូមបន្តលើបញ្ហានេះឱ្យបានច្បាស់លាស់ជៀសវាងភ័ន្តច្រឡំ ហើយការចេញបទបញ្ជាណាមួយទាក់ទងនឹងព្រំដែនសូមមេត្តឱ្យខ្ញុំបានដឹងផង ព្រោះខ្ញុំជាអ្នកទទួលខុសត្រូវលើបញ្ហាកិច្ចការនយោបាយក្នុងប្រទេស និង នយោបាយក្រៅប្រទេស។

សម្ដេចបានថ្លែងថា «កន្លងទៅយើងក៏បានឆកល្វែងដែរ មានការចេញបទបញ្ជារទប់ស្កាត់មិនឱ្យនាំចូលត្រីពីខាងក្រៅ ដែលអាចថាខុសទៅនឹងបទដ្ឋាននអង្គការពាណិជ្ជកម្មពិភពលោក និងក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ដូច្នេះយើងបានកែតម្រូវទៅខាងក្រសួងកសិកម្ម ជាមួយនឹងការហាមឃាត់ការនាំត្រីចូលពីខាងវៀតណាម ដែលធ្វើឱ្យមានបញ្ហា ហើយនេះជារឿងដែលត្រូវចាត់ការបន្ទាន់ ហើយខ្ញុំទទូចឱ្យខេត្តនៅតាមព្រំដែនយកការទទួលខុសត្រូវ ហើយសុំឱ្យរាយការណ៍ឱ្យត្រង់មកខ្ញុំតែម្ដង បើសិនជាមានបញ្ហាទាក់ទិនជាមួយការរអាក់រអួលទៅលើបញ្ហាពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃ»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner