ឯកឧត្ដម ហ៊ុន ម៉ានី បានចាក់វ៉ាក់សាំង Sinopharm លើកទី១ ដើម្បីការពារជំងឺកូវីដ១៩ ក្រោយខកខានកាលពី ២សប្តាហ៍មុន ដោយសារជំងឺផ្តាសាយធំ
ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចាក់វ៉ាក់សាំង Sinopharm របស់ចិន លើកទី១ ដើម្បីការពារជំងឺកូវីដ១៩ ក្រោយខកខានកាលពី ២សប្តាហ៍មុន ដោយសារជំងឺផ្តាសាយធំ ។
ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការដូច្នេះថា៖ បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ ខ្ញុំទទួលបានការអនុញាតិឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ១៩ ដែលខ្ញុំបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារស្ថានភាពនៃជំងឺផ្តាសាយធំ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម ហ៊ុន ម៉ានី សូមសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំវ័យក្មេងយើង រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយ ក៏សូមវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យទាំងអស់ជូនដល់ប្រជាជនគ្រប់ៗគ្នា។
ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា អ្វីដែលជាដំណឹងល្អបន្ថែមទៀតសម្រាប់យើងនោះ គឺកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កម្ពុជា ទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀត ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍ នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស គឺ Astra Zeneca/SII ជាប្រភេទវ៉ាក់សាំង ដែលទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា ក្រោមយន្តការបែងចែកវ៉ាក់សាំងសកលដែលដឹកនាំរបស់អង្គការសុខភាពពិភពលោក។
ឯកឧត្ដម ហ៊ុន ម៉ានី បានសូមបងប្អូនបន្តចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាល ក្នុងបេសកកម្មទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការចូលរួមក្នុងវិធានការណ៍ការពារ «៣ការពារ ៣កុំ»។ ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា ៕ ដោយវណ្ណលុក