ជនសង្ស័យម្នាក់ធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន០២លើក ចេញមកវិញមិនកែត្រូវសមត្ថកិច្ចច្បារអំពៅឃាត់ខ្លួនពីបទ លួចម៉ូតូ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២១នេះ មានករណី លួចម៉ូតូ នៅចំណុចមុខផ្ទះជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បង្កឡេីងដោយជនសង្ស័យ២នាក់នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ តែត្រូវសមត្ថកិច្ចចាប់វាយខ្នោះម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួន ។

ក្នុងរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត បានបញ្ចាក់ថា ជនរងគ្រោះឈ្មោះ សំ ចាន់ថន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ។ ចំណែកជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ គង់ ឆវណ្ណ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ម៉ោង០២និង៣០នាទី ជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ ក្រហាម ពាក់ផ្លាកលេខ កំពត ១D-៨១២១ នៅចំណុចកើតហេតុ រួចចូលដេកក្នុង ផ្ទះ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ គង់ ឆវណ្ណ និងឈ្មោះ ធី ធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះដោយ យកទួណឺវ៉ីសចាក់សោម៉ូតូត្រូវ នាំគ្នាបញ្ឆេះជិះគេចខ្លួន។ លុះដល់ម៉ោង១០និង០០នាទី ថ្ងៃដដែល ជនសង្ស័យឈ្មោះ គង់ ឆវណ្ណ ជិះម៉ូតូម៉ាកខាងលើ ទៅរកលក់ឲ្យគេនៅភូមិកើតហេតុខាងលើ ក៏ត្រូវបានជនរងគ្រោះឃើញឃាត់ខ្លួន រួមនិង វត្ថុតាងម៉ូតូ ០១គ្រឿង យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា ចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យ ឈ្មោះ ធី បានរត់គេចខ្លួនបាត់។

+កន្លងមកជនសង្ស័យឈ្មោះ គង់ ឆវណ្ណ ធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន ០២លើក ៖
-លើកទី១ ៖ រយៈពេល ០៦ខែ ក្នុងឆ្នាំ២០១៥ ពីបទ ៖ លួច ។
-លើកទី២ ៖ រយៈពេល ០១ឆ្នាំ ក្នុងឆ្នាំ២០១៧ ពីបទ ៖ លួច ។ ក្នុងនោះជនសង្ស័យក៏ប្រើប្រាស់គ្រឿងញឿនផងដែរ ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner