សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងសមាជិកសមាជិការដ្ឋសភា អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត
បន្ទាប់ពីបានដឹកនាំសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងសមាជិកសមាជិការដ្ឋសភា បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។
វ៉ាក់សាំងដែលបានចាក់ គឺជាវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធនិងបានសម្របសម្រួលផ្តល់ជំនួយវ៉ាកសាំងកូវីដ-១៩ ចំនួន ៣២៤ ០០០ដូស ក្នុងដំណាក់កាលដំបូង តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេស មិត្តចិនដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូស ព្រមទាំងសប្បុរសជនទាំងអស់ដែលបានចូលរួមវិភាគទានជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ ទោះបីជាបានចាក់វ៉ាក់សំាងហើយក្តី។ ជំងឺកូវីដ-១៩ ហាក់នៅតែបន្តគំរាមកំហែងពិភពលោកនៅឡើយ ដូច្នេះវិធានការការពារនៅតែជាចំនុចអាទិភាព ដែលយើងត្រូវតែបន្តអនុវត្ត មិនអាចធ្វេសប្រហែសបានឡើយ។ ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាការចូលរួមរបស់យើងទាំងអស់គ្នា។ សូមជនរួមជាតិ ប្រកបដោយសេចក្តីសុខនិងសុភមង្គលគ្រប់គ្រួសារ និងបានចៀសឆ្ងាយពីជំងឺកូវីដ-១៩ទំាងអស់គ្នា៕













