វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២០
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២០ បានធ្វើឡើងនៅបរិវេណសាលា ក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លី សំរិទ្ធ អភិបាលរងខេត្ត ៕
ក្នុងអង្គវេទិកានេះដែរសមាជិក សមាជិកា ក៏បានលើកឡើងពីក្តីទុក្ខកង្វល់របស់បងប្អូននៅក្នុងមូលដ្ឋានដែលមានការពាក់ព័ន្ធ ទៅលើបញ្ហាដីធ្លី និង សំណង់ក្នុងតំបន់អប្សរា , ការសុំធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លីក្នុងតំបន់បូរាណដ្ឋាន ,ការរៀបចំប្រព័ន្ធលូបង្ហូរទឹក និង ប្រព័ន្ធទឹកស្អាត , បញ្ហាអនាម័យ បរិស្ថាន ( សម្រាម ) ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវតាមភូមិសង្កាត់ក្នុងតំបន់អប្សរា) និង ការកំណត់ឲ្យ បានច្បាស់ពីព្រំប្រទល់ទីទួលបុរាណដ្ឋាន ។ រដ្ឋបាលក្រុងសៀមរាប បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រៅពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែនេះ អាជ្ញាធរក្រុងមានគម្រោងបើកការដ្ឋានស្ថាបនាផ្លូវ ចំនួន៥៣ខ្សែទៀត នៅពេលឆាប់ៗខាងមុខ ។ ក្នុងនោះដែរអាជ្ញាធរ ជាតិអប្សរា ក៏បានបញ្ជាក់ជូនអង្គវេទិកាទាំងមូល ចំពោះការសុំធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី នៅក្នុងតំបន់អប្សរា និងទីទួលបុរាណដ្ឋាន គឺមិនអាចផ្តល់ជូនបានឡើយ ។
ឯកឧត្តម លី សំរិទ្ធ ក៏បានគូសបញ្ជាក់ថា ក្នុងឱកាសដែលមានវិបត្តិជម្ងឺកូវិដ១៩ ខេត្តសៀមរាប បាន ទទួលការថវិកាដ៏ថ្លៃថ្លាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំនួន១៥០លានដុល្លាសហរដ្ឋអាមេរិក ក្នុងជួសជុលស្ថាបនាផ្លូវ៣៨ខ្សែ និងកែលម្អរសោភណ្ឌភាពស្ទឹងក្នុងក្រុងសៀមរាប ដែលជាប្រវត្តិថ្មីមួយសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ។ ក្នុងនោះឯកឧត្តមក៏មានការ សង្ឃឹមជឿជាក់ផងដែរថា ក្រោយពីវិបត្តិកូវុដ១៩ ទីក្រុងសៀមរាបនឹងប្រែក្លាយទៅជាទីក្រុងទំនើប ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ លើកកម្ពស់សោភ័ណភាពក្រុង ឲ្យស័ក្កិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ។ ឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរក្រុង ស្រុក ត្រូវជម្រុញចលនាដល់ប្រជាពលរដ្ឋឲ្យមកទទួលប័ណ្ណកម្មសិទ្ធិដីធ្លី ដែលបានធ្វើការវាស់វែងជាលក្ខណៈប្រព័ន្ធបានរួចរាល់ ។ ចំពោះដីតំបន់បុរាណដ្ឋាន ក្នុងពេលកន្លងមកអាជ្ញាធរខេត្ត និង អាជ្ញាធរអប្សរា ក៏បានធ្វើការបង្រួញទំហំតំបន់បុរាណដ្ឋាន ដោយបានធ្វើការកាត់ឆ្វៀលជូនបងប្អូន បានជាបន្តបន្ទាប់ តែកន្លែងមួយចំនួនបានកំពុងធ្វើការសិក្សា ស្រាវជ្រាវឡើងវិញផងដែរ ។
ឯកឧត្តមបានជម្រុញដល់អាជ្ញាធរក្រុងសៀមរាប ក៏ដូចអាជ្ញាធរស្រុកពួក បង្កើនការយកចិត្តទុកដាក់លើ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីប្រជុំជន ទាំងអនាម័យ បរិស្ថាន និងការគ្រប់គ្រងសម្រាម ដោយគោរពទៅតាមគោល ការណ៍ច្បាប់សំណង់ ។ កត្តាសំខាន់គឺសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សានូវអនាម័យ បរិស្ថានក្នុងក្រុង ស្រុក ។
ឆ្លងតាមរយៈកិច្ចពិភាក្សា អង្គវេទិកាទទួលបានសំណួ និងកង្វល់ផ្ទាល់មាត់ ពីប្រជាពលរដ្ឋ ចំនួន ១៤សំណួរ សំណូមពរ ហើយវាគ្មិនបានឆ្លើយបំភ្លឺទាំង១៤សំណួរ សំណូមពរ ពាក់ព័ន្ធទៅនឹងបញ្ហា ដីធ្លី ទីទួលបុរាណដ្ឋាន សំណង់ ផ្លូវថ្នល់ ។ ក្នុងនោះដែរក៏មានសំណួរ សំណូមពរជាលាយលក្ខ័អក្សរមិនទាន់បានឆ្លើយបំភ្លឺមាន១៦សំណួរ និងសំណូមពរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប









