លោកជំទាវ បាន ស្រីមុំ បើកប្រាក់ឧបត្ថម្ភមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជូនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន ប្រចាំខែមីនាឆ្នាំ២០២១ ចំនួន៦៨នាក់
ភ្នំពេញ ៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្គ្រោះបន្ទាន់ជនចាស់ជរាគ្មានទីពឹងខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាមូលនិធិប្រចាំខែមីនាឆ្នាំ២០២១ ជូនលោកយាយ លោកតា ចំនួន៦៨នាក់ ក្នុងម្នាក់ៗ ទទួលបា ថវិកា១០០.០០០រៀល(មួយសែនរៀលគត់) មី១កេសនិងអាវរងា១ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ។
ពិធីនេះរៀបចំនៅសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សាលាឃុំអូរអណ្តូង និងសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងចំពោះលោកយាយ លោកតា មានជំងឺធ្វើដំណើមកមិនបាន ក្រុមការងារបានយកថវិកាទៅបើកជូនដល់គេហដ្ឋានផងដែរ។
ក្នុងឱកាសនោះលោកជំទាវ បាន ស្រីមុំ បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
ក្នុងនោះដែរ លោកជំទាវបានអភិបាលក៏បាននាំនូវសេចក្តីអំពាវនាវរបស់ឯកឧត្តម អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនដោយធ្វើការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងជំងឺកូវីដ-១៩ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាយថាហេតុ ដោយយើងទាំងអស់គ្នាមិនបានដឹងខ្លួនជាមុន និងសូមបន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ នៅពេលចេញទៅក្រៅ និងរក្សាគំលាត ៕ ដោយ / គ្រី សម្បត្តិ







