អ្នកគាំទ្រក្លិបបាល់ទាត់បឹងកេត៣រូប បញ្ចេញទស្សនៈ លើកឡើងពីក្លិប ក្រោយទទួលបានពាន លើកទឹកចិត្ត ជាអ្នកគាំទ្រឆ្នើម
កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់បឹងកេត បានប្រគល់ពានរង្វាន់ អ្នកគាំទ្រឆ្នើម ជូនយុវជន៣រូប បន្ទាប់ពីចូលរួមសកម្មភាពគាំទ្រ គ្រប់ការប្រកួតរបស់ បឹងតេត ប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជា ។
យុវជនទាំង៣រូបនោះ មានឈ្មោះ មែន កុសល , ឡាច ចាន់ចំរើន និងម៉េង ប៉េង ដែលពួកគេទាំង៣រូបនេះ តែងតែចូលទស្សនាការប្រកួតរបស់ បឹងតេត ដោយចូលរួមសកម្មភាពវាយស្គរបំពង ជាការគាំទ្រលើកទឹកចិត្ត ជូនដល់កីឡាករ ឲ្យមានទឹកចិត្តប្រកួត ដើម្បីទទួលបានជ័យជំនះ។


ក្រោយទទួលបានពានលើកទឹកចិត្តមួយ ពីក្លិបបឹងកេត យុវជនទាំង៣រូបជាអ្នកគាំទ្រខាងលើ បានបង្ហាញចំណាប់អារម្មណ៍ ប្រាប់អ្នកយកព័ត៍មានទូរទស្សន៍អប្សរាថា ពួកគេម្នាក់ៗបានក្លាយជាអ្នកគាំទ្រក្លិបបឹងកេត៦ឆ្នាំហើយ ក្នុងនោះ ៣ឆ្នាំចុងក្រោយពួកគេបានធ្វើសកម្មភាព ជាអ្នកវាយស្គរគាំទ្រលើកទឹកចិត្ត ដើម្បីជម្រុញលើកទឹកឲ្យកីឡាករមានកម្លាំងចិត្ត ប្រកួតឆ្ពោះទៅរកជ័យជំនះ។

យុវជនទាំង៣រូបខាងលើ ពន្យល់ថា មូលហេតុដែលអន្ទងចិត្ត ឲ្យពួកគេក្លាយជាអ្នកគាំទ្រដ៏ងប់ងួលជាមួយក្លិបបាល់ទាត់ បឹងកេត រហូតមកនោះ គឺ ដោយសារតែពួកគេមើលឃើញថា ក្លិបបាល់ទាត់មួយនេះ ជាក្លិបបាល់ទាត់មួយ ដែលរៀបចំរចនាសម្ព័ន្ធ ដូចក្លិបបាល់ទាត់នៅអឺរ៉ុបដែរ ពិសេសទៀតនោះ ក្លិបបាល់ទាត់សប្បូទៅដោយ ធនធានកីឡាករបាល់ទាត់ល្បី ទាំងកីឡាករជាតិ និងអន្តរជាតិ។

យុវជនដែលជាអ្នកគាំទ្រដ៏ងប់ងួល ក៍បានបង្ហាញទស្សនៈទស្សទាយថា រដូវកាលឆ្នាំ២០២១នេះ ក្លិបបាល់ទាត់បឹងកេត និងក្លាយជាក្លិប ដែលក្តោបពានក្នុងស្រុកទាំងពីរ គឺ ពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់ បាល់ទាត់ហ៊ុន សែន ខាប់៕