ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ជាច្រើនក្នុងខេត្ត កំពង់ស្ពឺ បានទទូចដល់ក្រុមហ៊ុនផ្គត់​ផ្គង់​ក្នុង​ស្រុក ជួយពង្រឹងតម្លៃសាច់មាន់​ដែលចិញ្ចឹមក្នុង​ស្រុក និងជួយរកទីផ្សារឲ្យពួកគាត់ផង

អត្ថបទដោយ៖
ជា សេឌី

កសិករអ្នកចិញ្ចឹមសត្វមាន់ក្នុងស្រុកជាច្រើនកសិដ្ឋាន បានធ្លាក់តម្លៃទាបបំផុត ដោយក្នុង១គីឡូក្រាម តម្លៃត្រឹមតែ១៥០០រៀល ខុសប្រកតី ដែលពីមុន ពួកគាត់លក់បានតម្លៃ ប្រមាណជាង ៤០០០រៀល មិនតែប៉ុណ្ណោះឥឡូវនេះគ្មានអ្នកទិញថែមទៀតផង ដែលធ្វើឲ្យកសិករខាតយ៉ាងធ្ងន់ធ្ងរ ជាមួយគ្នានេះកសិករបានទទូចឲ្យក្រុមហ៊ុន និងជំនាញពាក់ព័ន្ធជួយរកទីផ្សារឲ្យពួកគាត់ផង។

   តាមការឲ្យដឹងពីលោក អូក សុខជា លោក ជៀក ឆូយ និងលោក ម៉ី ប៊ុន ជាកសិករចិញ្ចឹមមាន់ បាននិយាយស្រដៀងគ្នាថា ពួកគាត់រស់នៅភូមិរំដោះថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចាប់តាំងពីពួកគាត់ចិញ្ចឹមមាន់មក ទើបតែនៅក្នុងខែកុម្ភៈ និងក្នុងខែមីនា ឆ្នាំ២០២១នេះទេ ដែលតម្លៃមាន់ចិញ្ចឹមយកសាច់របស់ពួកគាត់ ធ្លាក់ថ្លៃយ៉ាងគំហ៊ុក រហូតដល់១៥០០រៀល ក្នុង១គីឡូក្រាម បើប្រៀបធៀបជាមួយពេលកន្លងទៅ លក់បានតម្លៃចាប់ពី៤០០០រៀល រហូតដល់៦០០០រៀលក៏មានដែរ។

   ម្ចាស់កសិដ្ឋានដដែលបន្តថា ការធ្លាក់ថ្លៃបែបនេះពួកគាត់ក៏មិនដឹងថាមកពីមូលហេតុអ្វីដែរប្រសិនបើតម្លៃ ១៥០០រៀលមែន គ្មានអ្នកទិញថែមទៀតផង។ ធ្វើឲ្យពួកគាត់ខាតបង់ក្នុង១រោងមិនក្រោម៣ទៅ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកនោះឡើយ។

ដោយសារតែការចំណាយរបស់ពួកគាត់ច្រើន គិតពីការចាប់ដាក់កូនមាន់ ក្នុង១ក្បាល តម្លៃ២០០០រៀល ក្នុង១រោងចិញ្ចឹមបាន១៥០០០ក្បាលរហូតដល់២០០០០ក្បាល តាមរោងតូចរោងធំ មិនតែប៉ុណ្ណោះការចិញ្ចឹមតាមធមានរយះ ពេល៣០ទៅ៤០ថ្ងៃ គឺប្រមូលចាប់លក់អស់ហើយ។ ប៉ុន្តែបច្ចុប្បន្ននេះមាន់ឮរបស់គាត់ ធ្លាក់ថ្លៃ១៥០០រៀល គ្មានអ្នកទិញទៀត ហើយមាន់កើតអាយុ រហូតដល់៥០ទៅ៦០ថ្ងៃហើយ. ពួកគាត់ព្រឈម ការខាតបង់ខ្លាំងណាស់  ចំណីមាន់ ទឹក ភ្លើង និងប្រាក់ខែកម្មករ ជាដើម។ បន្ថែមពីនេះទៀតពួកគាត់ធ្វើការសំណូមពរដល់ក្រុមហ៊ុនចំនួន៤ ជួយពង្រឹងតម្លៃក្នុងស្រុក ក្នុងនោះមាន ក្រុមហ៊ុនCP ក្រុមហ៊ុន Betagro ក្រុមហ៊ុន Deheus និងក្រុមហ៊ុន សុវ៉ាន់ដេតា ឲ្យជួយពង្រឹងទីផ្សាសម្រាប់កសិករម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ក្នុងស្រុក ។

    កសិករម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ដែលមិនអាចរកទីផ្សាបាន ស្ថិតក្នុងភូមិរំដោះថ្មី ឃុំពោម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានឈ្មោះ ទន់ ឈីវ ឈ្មោះ ជៀក ឆូយ ឈ្មោះ ជីវ សំណាង ឈ្មោះ ម៉ី ប៊ុយ ឈ្មោះ ជៀក គឹមលី ឈ្មោះ គីម កិច ឈ្មោះ គីម កេ ឈ្មោះ ណៃ ណាវី ។ កសិដ្ឋានខាងលើបានសល់សត្វមាន់ប្រមាណជាង៣០ ម៉ឺនក្បាល ត្រូវបានកកស្ទះគ្មានទីផ្សា ដែលមាន់ក្នុងមួយក្បាលមានទម្ងន់ចន្លោះពី៣-៤ គីឡូក្រាមហើយ ។

    កសិករបានបញ្ជាក់ថា សត្វមាន់គ្មានទីផ្សាទាំងអស់កើនឡើងធំៗខុសទម្ងន់ ដែលធ្វើឲ្យមាន់កាន់តែមានតម្លៃទាបខ្លាំង ។

កសិករបានបន្ថែមថា ក្នុងមួយទ្រុងមានមាន់ចំនួន១៥០០០ក្បាល ហើយទ្រុងខ្លះមានចំនួន ២ម៉ឺនក្បាល ហើយត្រូវការចំណាយចាប់ម្តង ត្រូវអស់ពី៣ទៅ៤ម៉ឺនដុល្លា បើសិនជាគ្មានទីផ្សាទុកយូរដូចបច្ចុប្បន្ន។

  កសិករម្ចាស់កសិដ្ឋានខាងលើបានលើកឡើងថា គួរណាស់តែលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ជួយយកចិត្តទុកដាក់ដល់ ម្ចាស់កសិដ្ឋានដែលរងគ្រោះខាងលើនេះ ពីព្រោះទំរាំចិញ្ចឹមបានសាច់យកលក់លើទីផ្សារ គឺចំណាយច្រើន ភាគច្រើនខ្ចីលុយពីធនាគា ដើម្បីប្រកបរបរមួយនេះ។

  ពាក់ព័ន្ធនឹងការទទូចរកទីផ្សាររបស់កសិករចិញ្ចឹមមាន់ខាងលើនេះដែរ លោកឌី សែនកុសលប្រធានការិយាល័យកសិកម្មស្រុកបសេដ្ឋ  បានឲ្យដឹងថា កសិករម្ចាស់កសិដ្ឋានទាំងអស់ពិតជាមានសល់សត្វមាន់ចិញ្ចឹមប្រមាណ៣០ម៉ឺនក្បាលដែលកំពុងខ្វះទីផ្សាសម្រាប់លក់ចេញ ។

លោកប្រធានបានបន្ថែមថា គួរណាស់គ្រប់ភាគីពាក់ព័ន្ធសម្របសម្រួលស្វែងរកទីផ្សាជូនគ្នាទៅវិញទៅមក ដោយលោកឧទាហណ៏ កសិករចិញ្ចឹមមាន់ទិញចំណីពីក្រុមហ៊ុនមកចិញ្ចឹមមាន់ ហើយសាច់មាន់ត្រូវលក់ឲ្យដេប៉ូសាច់ ត្រូវមានតម្លៃសមរម្យឲ្យគ្នាចំណេញដូចគ្នា ៕ម៉ុន សំអាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner