ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តបានឈានដល់សប្តាហ៍ទី៤ ៣ក្រុមរកបាន៣ពិន្ទុ ខណៈ១ប្រកួតផ្សេងទៀត្រូវបានលើកពេល

ម្ចាស់ផ្ទះ២ក្រុម និង១ក្រុមជាភ្ញៀវស្វែងរកបាន៣ពិន្ទុពីគូប្រកួតរៀងៗខ្លួន ខណៈ១ប្រកួតផ្សេងទៀត្រូវបានលើកពេល នៅក្នុងការប្រកួតសន្សំពិន្ទុវិលជុំ សប្តាហ៍ទី៤ កាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត។

៣ក្រុមដែលរកបាន៣ពិន្ទុនេះ រួមមាន៖ ក្រុម្ចាស់ផ្ទះ មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺប្រកួតចាញ់ ក្រុមភ្ញៀវ ភ្នំពេញហ្គាឡាក់ស៊ី ១ទល់២, ខេត្តបន្ទាយមានជ័យបានយកឈ្នះក្រុមស.ស.យ.កខេត្តបាត់ដំបង ដោយលទ្ធផល ៣ទល់២ ខណៈខេត្តឧត្តរមានជ័យបានយកឈ្នះកងរាជអាវុធហត្ថខេត្តកំពង់ធំ ១ទល់០។ ចំពោះ១ប្រកួត ដែលលើកពេលនោះ គឺជាការប្រកួតរវាងក្រុមមន្ទីរអប់រំខេត្តកំពង់ចាមប៉ះជាមួយមន្ទីរអប់រំខេត្តស្វាយរៀង។

ដោយឡែកសម្រាប់សប្តាហ៍ទី៤ នៅរសៀលថ្ងៃទី១០ ខែមីនាឆ្នាំ២០២១នេះ ក៏មាន៣ប្រកួតផ្សេងទៀតដែរ គឺក្រុមអធិរាជដំរីឦសាន ខេត្ត រតនគីរី ប៉ះជាមួយមន្ទីរអប់រំខេត្តត្បួងឃ្មុំ, រដ្ឋបាលខេត្តតាកែវប៉ះមន្ទីរអប់រំខេត្តកំពង់ឆ្នាំង ខណៈសូហ្វីយ៉ាប៉ៃលិនប៉ះជាមួយក្រុមស.ស.យ.កខេត្តពោធិ៍សាត់។
គិតមកដល់ពេលនេះ ការប្រកួតមួយចំនួនត្រូវបានលើកពេលជាបន្តបន្ទាប់ ហើយកម្មវិធីដែលបានគ្រោងទុក ក្នុង១សប្តាហ៍នោះមាន៩ប្រកួតនោះអាចនឹងមិនទាន់បញ្ចប់ក្នុងរយៈពេល២សប្តាហ៍ទៀតនោះទេ ដោយសារស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសគឺព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅតែបង្កផលប៉ះពាល់យ៉ាងខ្លាំង។

នៅក្នុងលិខិត កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC ដែលជាគណៈកម្មការរៀបចំការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្លិបបាល់ទាត់ទាំងអស់ ដែលត្រូវប្រកួតនៅក្នុងក្របខ័ណ្ឌទាំងពីរនេះត្រូវបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

វិធានការលម្អិតចំនួន១១ចំណុចរបស់ CNCC បានលើកឡើងនូវការតាមដានសុខភាព សុវត្ថិភាព គ្រប់គ្រងឲ្យបានច្បាស់លាស់ លើមន្ត្រីក្រុម និងកីឡាករគ្រប់រូប ហើយក្នុងនោះក៏គ្រប់ការប្រកួតទាំងអស់មិនអនុញ្ញាតឲ្យទស្សនិកជនចូលរួមទស្សនាផ្ទាល់ នៅកីឡដ្ឋាន និងបរិវេណក្នុងការប្រកួតនោះទេ រហូតដល់មានការជូនដំណឹងជាថ្មីផងដែរ៕
