អភិបាលរាជធានីដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញចុះបិទទីតាំងអាជីវកម្មដ្ឋានចំនួន៣ទីតាំងក្នុងខណ្ឌចំនួន៣ដែលលួចលាក់បើកខារ៉ាអូខេខុសច្បាប់ទាំងកណ្ដាលរាត្រី
ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនាំដោយ ឯកឧត្តម ឃួង ស្រេងជាអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានខណ្ឌទាំង៣ចុះបិទអាជីវកម្មភោជនីយដ្ឋាន៣កន្លែងផ្សេងគ្នាដោយមួយកន្លែងបានលួចបើកខារ៉ាអូខេលួចលាក់យ៉ាងអាណាធិបតេយ្យនិងមួយកន្លែងជាកន្លែងផឹកស៊ីបាបារាំង និងទី៣ភោជនីយដ្ឋានលួចលាក់បើខារ៉ាអូខេខុសការណែនាំរបស់ក្រសួងសុខាភិបាលដោយឃាត់ខ្លួនមនុស្សប្រុស ស្រីជាច្រើននាក់។
ប្រតិបត្តិការនេះនេះបានធ្វើឡើងនារាត្រីថ្ងៃទី១០ មិនានេះ វេលាម៉ោងជិត២២ នៅចំណុចភោជនីយដ្ឋានANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា និងមួយកន្លែងទៀតជាទីតាំងបាបារាំងស្ថិតនៅតាមបណ្តាយផ្លូវលេខ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ ។
ក្នុងប្រតិបត្តិការនេះ នៅទីតាំងភោជនីយដ្ឋានANGEl លួចបើកខារ៉ាអូខេនេះ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ស្រីជាង១០នាក់ ក្នុងនោះមេការ៣នាក់ បុរសជនជាតិចិនម្នាក់និងស្រីការ៉ាអូខេជាង១០នាក់បញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ពួកគេទាំងអស់បានលួចលាក់បង្កប់ការច្រៀងខារ៉ាអូខេនៅក្នុងទីតាំងភោជនីយដ្ឋានខាងលើដែលផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ។
បន្ទាប់ពីធ្វើការបិទទីតាំងខាងលើនិងបញ្ជូនជនពាក់ព័ន្ធទាំងអស់ទៅកាន់ទីបញ្ជាការប៉េអឹមរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋាបាលរាជធានី ឯកឧត្តម ឃួង ស្រេង បានបន្តចុះបិទបារបារាំងជាច្រើនទីតាំងទៀត នៅតាមបណ្ដោយផ្លូវ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ ។នៅយប់ថ្ងៃដដែលនោះអាជ្ញាធររាជធានីភ្នំពេញបានបន្តចុះបិទភោជនីយដ្ឋាន ឈ្មោះ អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានលួចលាក់បេីកខារ៉ាអូខេ ផ្ទុយពីអនុសាសន៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងវិធានការការពារជំងឺកូវីដ ១៩ ។
ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការណែនាំ ឲ្យអភិបាលខណ្ឌ៧មករានិងអភិបាលខណ្ឌដូនពេញ ធ្វើលិខិតជាលាយលក្ខណ៍អក្សរបិទទីតាំងទាំង២នេះជាផ្លូវការ ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍២០កុម្ភៈនេះ៕










