អគ្គលេខាធិការ Camsoc អំពាវនាវឲ្យក្រុមជម្រើសជាតិ បន្តការហ្វឹកហាត់បច្ចេកទេស មូលដ្ឋាន នៅតាមផ្ទះ និងកន្លែងសុវត្ថិភាព



ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានអំពាវនាវដល់សហព័ន្ធកីឡាជាតិ គ្រូបង្វឹកក្រុមជម្រើសជាតិ នៃសហព័ន្ធកីឡាជាតិនានា បន្តការរៀបចំកម្មវិធីហ្វឹកហាត់សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន ក្នុងពេលសម្រាក ដោយស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ។



អគ្គលេខាធិការខាងលើ បញ្ជាក់ថា អំឡុងស្ថានភាព សម្រាកបែបនេះ គប្បីត្រូវបន្តការហ្វឹកហាត់បច្ចេកទេសមូលដ្ឋាន ដើម្បីកុំឲ្យប៉ះពាល់ខ្លាំងដល់ការប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នាប្រទេសវៀតណាម ។


ឯ ឧ អគ្គលេខាធិការ គូសបញ្ជាក់ទៀតថា គ្រូបង្វឹក និងក្រុមជម្រើសជាតិទាំងអស់ ក្នុងស្ថានភាពជំងឺកូវីដ១៩កំពុងរីករាលដាលចូលក្នុងសហគមន៍បែបនេះ សូមប្រុងប្រយ័ត្នខ្ពស់ចំការឆ្លង ពិសេសត្រូវបង្កើនយកចិត្តទុកដាក់ចំពោះកម្មវិធីហ្វឹកហាត់ មិនត្រូវឲ្យកីឡាករ កីឡាការិនីសម្រាកអសកម្ម ដោយគ្មានលំហាត់កម្លាំងកាយ និងហ្វឹកហាត់បច្ចេកទេសមូលដ្ឋាននោះទេ ពោលគឺត្រូវរកមធ្យោបាយផ្សេងៗ ដើម្បីឲ្យការហ្វឹកហាត់មានភាពសកម្ម ដូចជាការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ឬនៅទីកន្លែងសុវត្ថិភាព ដើម្បីថែរក្សាកម្លាំងកាយសម្បទាកុំឲ្យធ្លាក់ចុះខ្លាំងពេក ។


ឯ ឧ វ៉ាត់ ចំរើន បង្ហាញក្តីបារម្ភថា ប្រសិនបើក្រុមជម្រើសជាតិកម្ពុជាសម្រាកអសកម្ម ក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ គឺយើងនឹងជួបបញ្ហាប្រឈមខ្លាំង ក្នុងពេលចូលហាត់វិញ ដោយត្រូវស្តារកម្លាំងបច្ចេកទេសយូរណាស់យ៉ាងតិច៦ខែឯណោះ ហើយពេលស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ចុងឆ្នាំ២០២១នេះ នឹងជួបបញ្ហាធំ ក្នុងការប្រកួតប្រជែងមេដាយ ។ ដូច្នេះហើយ ឯកឧត្តម ស្នើសុំឲ្យសហព័ន្ធកីឡាជាតិ គ្រូបង្វឹករៀបចំកម្មវិធីរត់ ហ្វឹកហាត់ឲ្យបានរៀងរាល់ថ្ងៃ ដោយមិនត្រូវផ្តេកផ្តួលតាមបរិបទកូវីដ-១៩ និងអសកម្មនោះឡើយ ។




«ខ្ញុំមានក្តីបារម្ភខ្លាំង ដោយសារប្រទេសជិតខាង និងក្នុងតំបន់កំពុងបន្តការហ្វឹកហាត់នៅក្នុងកន្លែងប្រមូលផ្តុំបិទទ្វារ ដោយធ្វើសកម្មភាពហ្វឹកហាត់យ៉ាងសកម្ម និងទៀងទាត់ ពិសេសកីឡាករសក្តានុពលរបស់គេហាត់កាន់តែខ្លាំងក្លាថែមទៀត ៕





